អាជ្ញាធរណែនាំពលរដ្ឋជុំវិញបឹងទន្លេសាបឲ្យប្រុងប្រយ័ត្នចំពោះកម្ពស់ទឹកស្ទឹងសិរីសោភ័ណ និងស្ទឹងស្រែង

អាជ្ញាធរទន្លេសាប បានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពកម្រិតទឹកស្ទឹងសិរីសោភ័ណ និងស្ទឹងស្រែង ខណៈកម្រិតកម្ពស់ទឹកស្ទឹងទាំងពីរនេះ នៅខ្ពស់នៅឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរទន្លេសាប នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ទឹកស្ទឹងសិរីសោភ័ណ ដែលបានហូរកាត់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានកម្ពស់ ៧ម៉ែត្រ ៧៨ ពោលគឺខ្ពស់ជាងកម្រិតប្រកាសប្រុងប្រយ័ត្ន ៧ម៉ែត្រ៥០ ចំណែកស្ទឹងស្រែង ហូរកាត់ស្រុកក្រឡាញ់ខេត្តបន្ទាយមានជ័យ មានកម្ពស់ទឹក ៨ម៉ែត្រ៤៥ ខណៈកម្រិតប្រកាសប្រុងប្រយ័ត្នត្រឹមតែ ៨ម៉ែត្រ។

អាជ្ញាធរទន្លេសាប បានគូសបញ្ជាក់ថា ថ្វីបើស្ថានភាពជាទូទៅ កម្រិតកម្ពស់ទឹកនៅតាមស្ទឹងសំខាន់ៗ ដែលហូរចាក់ទៅបឹងនិងទន្លេសាបបានស្រកចុះ ប៉ុន្តែមានស្ទឹងចំនួន៣ នៅតែមានកម្រិតកម្ពស់ទឹកនៅក្បែរៗកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅឡើយដូចជា ស្ទឹងដូនទ្រី នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្ទឹងមង្គលបូរីនៅក្នុងខេត្តបន្ទាយមានជ័យ និងស្ទឹងសែននៅក្នុងខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ភូមិសាស្ត្រប្រទេសកម្ពុជា មានស្ទឹងធំៗចំនួន១១ ដែលមានតួនាទីជួយរំដោះទឹកជំនន់ តាមរយៈហូរនាំទឹកភ្លៀងហូរចាក់ទៅទន្លេសាប និងបឹងទន្លេសាប។ ទឹកភ្លៀងរដូវវស្សាឆ្នាំនេះ បាននាំឲ្យមានការជន់លិចនៅភូមិសាស្ត្រខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធឱ្យបន្តចុះវាយតម្លៃ ធ្វើបច្ចុប្បន្នភាពផលប៉ះពាល់ និងខូចខាត និងភាពស្តារឡើងវិញឱ្យបានជាក់លាក់។ ក្រៅពីនេះ អាជ្ញាធរត្រូវកំណត់ឱ្យច្បាស់ពីគ្រួសាររងគ្រោះ ក៏ដូចជាស្ថានភាពប៉ះពាល់ដំណាំ សម្រាប់សុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីដោះស្រាយ ផ្តល់គ្រាប់ពូជស្រូវ ពូជដំណាំរួមផ្សំ និងស្បៀងជូនគ្រួសាររងគ្រោះ និងគ្រួសារខ្វះខាត ព្រមទាំងជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាត។

យោងតាមការវាយតម្លៃបឋមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានប៉ះពាល់ផ្ទៃដីដំណាំស្រូវចំនួនជាង ៣ម៉ឺន ៦ពាន់ហិកតា ក្នុងនោះខូចខាតអស់ ២ពាន់ ៣៥១ហិកតា៕

ខន ណារី AMS

ads banner