ក្រសួងមហាផ្ទៃត្រៀមកម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍ ការពារសន្តិសុខ និងសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងសមត្ថកិច្ច និងមន្ត្រីនគរបាលនៅទូទាំងប្រទេស ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ដែលទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងទៅកម្សាន្តលេងនៅតំបន់ទេសចរណ៍នានា។
លោក ទូច សុឃៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា មន្ត្រីនគរបាលចរាចរណ៍ បាន និងកំពុងសម្រួលចរាចរណ៍នៅតាមបណ្តាផ្លូវសំខាន់ៗដែលមានភាពមាមាញឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍សម្រាប់ពលរដ្ឋដែលធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្ត។
ជាក់ស្តែង នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត។ ក្នុងនោះ មន្ត្រីនគរបាលបានសម្របសម្រួលចរាចរណ៍តាមផ្លូវច្រកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់បណ្តាខេត្ត ជាពិសេសខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក៏បានត្រៀមកម្លាំងដាក់វេនប្រចាំការចល័តនៅតាមបណ្តាភូមិឃុំសង្កាត់នានា និងតំបន់ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋផងដែរ។
អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានណែនាំឱ្យអ្នកបើកបរទាំងឡាយ អនុវត្តនូវច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដោយ កុំវ៉ាជែង កុំឈប់យានជាប់នៅចិញ្ចើមផ្លូវ មិនត្រូវបើកបរក្រោមឥទ្ធិពលស្រវឹង មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវបើកបរដោយពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់។
ថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ ថ្ងៃកាន់បិណ្ឌ១២ថ្ងៃកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៨ករណី បណ្តាលឱ្យស្លាប់មនុស្សចំនួន៥២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៤២នាក់៕
សៅ សុខអេង


