ប្រេងចុះថោក ក្រោយ អាមេរិក រំសាយកម្លាំងលែងវាយអ៊ីរ៉ង់, អ្នកវិភាគ ថា នឹងបន្តធ្លាក់ថ្លៃ បើចរចាត្រូវរូវលើលក្ខខណ្ឌបើកច្រក ហ័រមូស ក្នុងពេល៧ថ្ងៃ

បរទេស ៖ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ នៅថ្ងៃសុក្រនេះ ដោយសារការព្រួយបារម្ភអំពីសកម្មភាពផ្គត់ផ្គង់ នៅតំបន់មជ្ឈិមបូព៌ាបានថយចុះមកវិញ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានចេញមុខអះអាងថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែក្រោយនោះទេ ខណៈដែលមានកិច្ចចរចាប្រកបដោយផ្លែផ្កាដើម្បីបញ្ចប់សង្គ្រាម ដែលបានរំខានដល់ទីផ្សារថាមពលសកល។

បើតាម Reuters, តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៩២ សេន ឬ ០,៩% មកនៅត្រឹម ១០៣,៣៦ ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅអាមេរិក West Texas Intermediate ហៅកាត់ WTI បានធ្លាក់ចុះ ៧៥ សេន ឬ ០,៨% មកនៅត្រឹម ៩០,៧៤ ដុល្លារ។

ការធ្លាក់ចុះនេះបានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីលោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងមាន “កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា” ជាមួយអ៊ីរ៉ង់ និងបានបញ្ជាក់ថា មិនមានផែនការវាយប្រហារមុនការបោះឆ្នោត នៅថ្ងៃទី៣ ខែវិច្ឆិកានោះទេ ពោលគឺបន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបញ្ជាក់ថា លោកកំពុងពិចារណាលើការវាយប្រហារឈុតធំ មុនពេលបោះឆ្នោត ខណៈដែលទីបញ្ជាការនានារៀបជើងព្រួលរួចរាល់ ត្រៀមចូលសមរភូមិប្រយុទ្ធ។

ជុំវិញវឌ្ឍនភាព នៃការចរចា, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយដែរថា ទីក្រុងតេហេរ៉ង់កំពុងពិនិត្យមើលការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះសំណើរបស់ខ្លួន ដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៧ថ្ងៃ។

លោក Linh Tran អ្នកវិភាគ នៅក្រុមហ៊ុន XS.com បាននិយាយថា «លទ្ធភាពនៃការកាត់បន្ថយភាពតានតឹង នៅតែត្រូវការការពង្រឹងបន្ថែមទៀត តាមរយៈវឌ្ឍនភាពជាក់ស្តែង នៅក្នុងកិច្ចចរចា និង ការកែលម្អសុវត្ថិភាព នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz»។

ការធ្លាក់ចុះនៃតម្លៃប្រេងអន្តរជាតិចុងក្រោយនេះ បានកើតមានឡើង ស្របពេលដែល ចិន ជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុតរបស់ពិភពលោក គ្រោងនឹងបន្តការនាំចេញប្រេងឥន្ធនៈ ដែលបានចម្រាញ់រួចឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈខ្លី ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក “Golden Week”។ វិធានការនេះនឹងជួយសម្រាលភាពតានតឹងនៃការផ្គត់ផ្គង់ នៅក្នុងទីផ្សារបានមួយកម្រិត។

នៅសប្តាហ៍នេះដែរ, ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA ក៏បានយល់ព្រមពន្លឿនការបញ្ចេញស្តុកប្រេង និងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ក្រោមផែនការមួយដែលត្រូវបានដាក់ឱ្យអនុវត្ត កាលពីខែមីនា។

យ៉ាងណាមិញ សហរដ្ឋអាមេរិកនៅតែបន្តដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើ អ៊ីរ៉ង់ ដើម្បីព្យាយាមបញ្ចប់សង្គ្រាមដែលកំពុងអូសបន្លាយចូលដល់ខែទី ៨ ។

ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍ អាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល, បណ្តាញ និងនាវាចំនួន ១៧ គ្រឿង ដោយចោទថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងឆៅ, ផលិតផលប្រេង និង ផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់។

តម្លៃប្រេងមានភាពប្រែប្រួលខ្លាំង នៅសប្តាហ៍នេះ ដោយសារការគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅក្នុងឈូងសមុទ្រ ក៏ដូចជា ច្រក Hormuz បានកើនឡើងវិញ នៅក្នុងខែតុលា។ គួរកត់សម្គាល់ថា តំបន់ Hormuz ធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឥន្ធនៈប្រហែល ២០% នៃការផ្គត់ផ្គង់សកល៕
ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner