លោក ត្រាំ បំភ្លឺថា សម្តីដែលលោកឲ្យ អ៊ីរ៉ង់ កម្ទេចទីក្រុង អាមេរិក និយាយកុំឲ្យតម្លៃប្រេងឡើងថ្លៃកាន់តែខ្ពស់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមកបំភ្លឺកាលពីថ្ងៃព្រហស្បតិ៍ថា ពាក្យសម្ដីដែលលោកប្រាប់ឲ្យអ៊ីរ៉ង់ចូលមកកម្ទេចទីក្រុង Los Angeles និងទីក្រុង San Diego គឺដើម្បីទប់ស្កាត់កុំឲ្យតម្លៃប្រេងហក់ឡើងថ្លៃកាន់តែខ្ពស់ប៉ុណ្ណោះ ។
តាមរយៈសំណេរនៅលើបណ្តាញសង្គម Truth Social, លោក ត្រាំ រៀបរាប់ថា សម្ដីរបស់លោកត្រូវបានគេយល់ច្រឡំ ។ លោកថា តាមពិតលោកចង់សំដៅលើប្រជាជនថា នឹងទទួលយកតម្លៃប្រេងឥន្ធនៈខ្ពស់ជាងមុន ប្រសិនបើអ៊ីរ៉ង់ឈានទៅមានអាវុធនុយក្លេអ៊ែរក្នុងដៃ ហើយចូលមកកម្ទេចទីក្រុងទាំងពីរនេះ ។
លោក ត្រាំ បញ្ជាក់ថា អ្វីដែលលោកចង់និយាយនោះគឺថា ការឡើងថ្លៃប្រេងឥន្ធនៈជាបណ្តោះអាសន្ន គឺ ជាតម្លៃដ៏តូចតាចមួយ ដែលត្រូវស៊ូទ្រាំ ដើម្បីកុំឱ្យ អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ។
បើតាម Reuters, លោក ត្រាំ បាននិយាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Nebraska កាលពីថ្ងៃចន្ទថា ដើម្បីរក្សាសុវត្ថិភាពពិភពលោក និងសហរដ្ឋអាមេរិកផងនោះ ការអនុញ្ញាតឲ្យអ៊ីរ៉ង់កម្ទេចទីក្រុង Los Angeles និងទីក្រុង San Diego គ្រាន់តែជាការចំណាយដ៏តូចតាចមួយប៉ុណ្ណោះ ។
បញ្ហានេះនាំឲ្យអភិបាលក្រុង Los Angeles និង San Diego រួមទាំងអភិបាលរដ្ឋ California ផងនោះ ផ្ទុះប្រតិកម្មយ៉ាងខ្លាំង រហូតហៅលោក ត្រាំ ថាជាមនុស្សមិនដឹងអី និងជាមនុស្សគ្រោះថ្នាក់ថែមទៀតផង ។
លោក Gavin Newsom អភិបាលរដ្ឋ California និយាយថា មិនគួរណា លោក ត្រាំ ដែលជាមេដឹកនាំកំពូលរបស់ប្រទេស បែរជាមកនិយាយបើកដៃឲ្យសត្រូវបរទេសចូលមកបំផ្លាញទីក្រុងរបស់អាមេរិកនោះទេ ។ លោកថា នេះជារឿងដ៏ឆោតល្ងង់ និងជារឿងដ៏គ្រោះថ្នាក់បំផុត ៕
ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត