បុរសម្នាក់គាំងបេះដូងស្លាប់ក្នុងរថយន្ត នៅខណ្ឌសែនសុខ
ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ពេលដែលប្រជាពលរដ្ឋបានឃើញបុរសម្នាក់ដេកស្លាប់ក្នុងរថយន្តនៅវេលាម៉ោង៣ និង០០នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះលេខ ២១៣ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពឈ្មោះ ម៉ៃ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២១៣ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើ មានមនុស្សប្រុសម្នាក់ស្លាប់ ក្រោយពី ទទួលព័ត៌មានសមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុ និងដោយមានការសហការជាមួយការិយាល័យកោសល្យវិច្ច័យវិទ្យាសាស្ត្រ និងតាមការពិនិត្យសន្និដ្ឋានរបស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យ អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សពខាងលើ ស្លាប់ដោយជំងឺគាំងបេះដូង។ ក្រោយពីសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យរួចរាល់ សពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើ បុណ្យ៕