ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរជាង២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស
ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ ២ ១៦០ ០០០ នាក់ បានទៅកម្សាន្តលេងនៅតាមបណ្តារាជធានីខេត្ត ក្នុងនោះ ខេត្តសៀមរាប កំពត ព្រះសីហនុ កំពង់ឆ្នាំង និងកំពង់ចាម ទទួលបានភ្ញៀវទេសចរច្រើនជាងគេ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ក្នុងចំណោមខេត្តទាំង៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាបឈរលំដាប់ទី១ មានភ្ញៀវទេសចរទៅកម្សាន្តជាង ២៥ម៉ឺននាក់ បន្ទាប់មកខេត្តកំពត មានចំនួនជាង២២ម៉ឺននាក់ ខេត្តព្រះសីហនុ ចំនួនជាង១៩ម៉ឺននាក់ ខណៈខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាមមានភ្ញៀវទេសចរជាង១៦ម៉ឺននាក់ដូចគ្នា។
ចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការកើនឡើងចំនួន ០,៨ភាគរយ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។ ក្នុងចំណោមភ្ញៀវទេសចរជាង២លាននាក់នោះ មានភ្ញៀវទេសចរស្នាក់នៅឆ្លងរាត្រីចំនួន ៣សែន ៨ម៉ឺននាក់ ភ្ញៀវទេសចរដើរកម្សាន្តវិលល្ងាចចំនួនជាង ១លាន ៧សែននាក់ និងភ្ញៀវទេសចរបរទេសចំនួនជាង ២ម៉ឺន ៤ពាន់នាក់។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរាប់ស្ថិតិទេសចរណ៍ក្នុងអំឡុងពេលព្រឹត្តិការណ៍ ពិធីបុណ្យ ឬកម្មវិធីនានាជាការរាប់ចំនួនដង ឬលើកនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សទេ ក្នុងនោះភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរកម្សាន្ត ឬចូលទស្សនានៅទីកន្លែងនីមួយៗ លើសពីមួយដង ឬមួយលើក។ ជាក់ស្តែង ភ្ញៀវម្នាក់អាចត្រូវបានរាប់ច្រើនដង ប្រសិនបើទៅទស្សនាច្រើនទីតាំង ឬច្រើនថ្ងៃ៕
សៅ សុខអេង



