កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦
វេទិកា «បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦» ត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីប្រតិភូ អ្នករៀបចំគោលនយោបាយ និងអ្នកច្នៃប្រឌិតបច្ចេកវិទ្យាប្រមាណ ២០០ នាក់ មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះតូចៗមកពីជុំវិញពិភពលោក។
យោងតាមឯកឧត្តម អ៊ាង សុផល្លែត កម្ពុជាបានបង្ហាញជំហរយ៉ាងមុតមាំក្នុងចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ឱ្យមកនៅកម្រិតទាបបំផុត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពីសារសំខាន់ ដែលបណ្តាប្រទេសក្នុងពិភពលោកត្រូវរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅផែនដី មិនឲ្យលើស១,៥ អង្សារ។
តាមរយៈវេទិកានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនការផ្ទេរបច្ចេកវិទ្យា AI និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាការប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយសមធម៌ និងរួមគ្នាជួយសង្គ្រោះភពផែនដីពីការគំរាមកំហែងពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជាពិសេស AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រឹតកាបូន។
ក្នុងឱកាសនោះផងដែរ លោកស្រី Vladanka Andreeva តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI បានរួមចំណែកយ៉ាងសកម្មជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមដែលមានភាពធន់ និងការឆ្លើយតបតទាន់ពេលវេលាទៅនឹងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា វេទិកា«បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦» ដែលរៀបចំឡើងនៅថ្ងៃទី១៣ និងទី១៤ ខែតុលានេះ មានគោលបំណងបង្ហាញពីជំហរមុតមាំរួមគ្នារបស់កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះនានា ជាមួយសហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតទាបបំផុត ព្រមទាំងដើរតួជាស្ពានចម្លងបច្ចេកវិទ្យា AI ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕



