រុស្ស៊ី បដិសេធសំណើរបញ្ចប់សង្គ្រាម ៦០ ថ្ងៃជាមួយ អ៊ុយក្រែន, ទីក្រុងមូស្គូ ចង់បានសន្តិភាពយូរអង្វែង
មូស្គូ ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានប្រកាសបដិសេធភ្លាមៗចំពោះសំណើរបញ្ចប់សង្គ្រាមរយៈពេល ៦០ ថ្ងៃ ដែលស្នើឡើងដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងគោលបំណងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។
លោក Zelensky បានស្នើសំណើបែបនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកម្មវិធី This Week របស់សារព័ត៌មាន ABC កាលពីថ្ងៃអាទិត្យ ។
យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសច្រានចោលភ្លាមៗ ដោយលើកហេតុផលថា រុស្ស៊ីមិនចង់បានការបញ្ចប់សង្គ្រាមបណ្តោះអាសន្ន ឬក៏បទឈប់បាញ់នោះទេ ព្រោះរុស្ស៊ីចង់សម្រេចបានសន្តិភាពរយៈពេលវែង ។
ទន្ទឹមនោះ លោកប្រធានាធិបតី Vladimir Putin រួមទាំងមន្ត្រីរុស្ស៊ីនៅគ្រប់លំដាប់ថ្នាក់ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា រុស្ស៊ីចង់បានសន្តិភាពយូរអង្វែង ជាជាងបទឈប់បាញ់បណ្តោះអាសន្ន ហើយក៏ត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាងតាមអាចធ្វើបាន ដើម្បីសម្រេចគោលដៅនេះផងដែរ ។
បើតាម CGTN, រុស្ស៊ីបានដាក់សម្ពាធជាយូរមកហើយឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងថែមទាំងបានហៅលោក Zelensky ថាជាមេដឹកនាំខុសច្បាប់ផងដែរ ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូចូលទៅវាយលុយទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពុំទាន់មានសញ្ញារលត់ទៅវិញ ឬក៏លទ្ធផលចាញ់ឈ្នះនៅឡើយនោះទេ ។
ជាមួយគ្នានេះ សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី ៥ មួយនេះ ក៏ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕
ប្រភព ៖ CGTN ប្រែសម្រួល ៖ ឈឹម ទីណា