កូរ៉េខាងជើង បង្អួតមីស៊ីលផ្លោងឆ្លងទ្វីប អាចបាញ់ហួសទឹកដី អាមេរិក
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទបានបង្អួតមីស៊ីលផ្លោងឆ្លងទ្វីបថ្មីមានឈ្មោះថា Hwasong-20 ខណៈអ្នកជំនាញជឿជាក់ថា មីស៊ីលនេះអាចមានសមត្ថភាពហោះទម្លុះមេឃទៅបុកបំផ្ទុះគោលដៅនានាហួសពីទឹកដីសហរដ្ឋអាមេរិក ។
លោក Shin Jong-woo អគ្គលេខាធិការការពារជាតិ និងសន្តិសុខកូរ៉េខាងត្បូងនិយាយថា មីស៊ីលផ្លោងឆ្លងទ្វីប Hwasong-20 របស់កូរ៉េខាងជើង មានសមត្ថភាពវាយប្រហារហួសពីទឹកដីសហរដ្ឋអាមេរិក ពោលគឺអាចបាញ់ដល់គោលដៅនានានៅតំបន់មជ្ឈិមបូព៌ា អូស្រ្តាលី និងអាមេរិកខាងត្បូង ។
លោកថា មីស៊ីលដែលកំពុងស្ថិតក្រោមដំណាក់កាលអភិវឌ្ឍនេះ ក៏អាចពាំក្បាលគ្រាប់បានច្រើនប្រភេទផងដែរ ។
បើតាម CNA, មីស៊ីល Hwasong-20 បានបង្ហាញខ្លួនលើកដំបូងកាលពីខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមមួយក្នុងទីក្រុងព្យុងយ៉ាង ដើម្បីអបអរសាទរខួបលើកទី ៨០ នៃថ្ងៃបង្កើតគណបក្សពលករកូរ៉េ ។
ការបង្ហាញខ្លួនរបស់មីស៊ីល Hwasong-20 លើកទី ២ កើតមានឡើង ចំពេលដែលមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំកូនស្រីបង្កើតគឺយុវតី គីម ជូអេ និងភរិយា ចូលរួមពិធីបើកសម្ពោធសារមន្ទីរបដិវត្តន៍ការពារជាតិថ្មីមួយ កាលពីថ្ងៃទី១១ ខែតុលា ។
ការបើកសម្ពោធសារមន្ទីរបដិវត្តន៍ការពារជាតិថ្មីនេះទៀតសោតក៏កើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អះអាងថា រូបលោកអាចនឹងជួបជាមួយលោក គីម ជុងអ៊ុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអាស៊ី ។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះរំពឹងនឹងចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC ដែលរៀបចំឡើងដោយប្រទេសចិន នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា