ប៉ាគីស្ថាន បាញ់សាកល្បងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងដោយជោគជ័យ
អ៊ីស្លាម៉ាបាដ ៖ កងទ័ពប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃ អង្គារ ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយប្រភេទ Fatah-2 Extended Range (ER) មានភាពជាក់លាក់ ដោយជោគជ័យ ។
កងទ័ពប៉ាគីស្ថានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីលផ្លោង Fatah-2 ER នេះ រចនាឡើងបំពាក់ដោយបច្ចេកវិទ្យារុករកដ៏ទំនើប ជាមួយនឹងសមត្ថភាពវាយប្រហារគោលដៅដោយភាពជាក់លាក់កម្រិតខ្ពស់ ។
កងទ័ពប៉ាគីស្ថានអះអាងថា គន្លងហោះហើរពិសេស និងសមត្ថភាពបត់បែនទិសដៅរបស់មីស៊ីលនេះ អាចជួយឱ្យវាគេចផុតពីប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវ ។
កងទ័ពប៉ាគីស្ថានបន្ថែមថា ការបង្កើនរយៈចម្ងាយរបស់មីស៊ីល Fatah-2 ER នឹងជួយពង្រីកវិសាលភាពប្រតិបត្តិការរបស់កងទ័ព និងបង្កើនសមត្ថភាពវាយប្រហារគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីសត្រូវ ។
ការបាញ់សាកល្បងនេះ កើតឡើងបន្ទាប់ពីប៉ាគីស្ថានបានធ្វើតេស្តបង្កើនរយៈចម្ងាយនៃមីស៊ីលនាំផ្លូវបាញ់ចេញពីដីគោកប្រភេទ Fatah-IV កាលពីសប្តាហ៍មុន ។
ការធ្វើតេស្តជាបន្តបន្ទាប់នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការអភិវឌ្ឍប្រព័ន្ធមីស៊ីលក្នុងស្រុក និងបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ។
យ៉ាងណា សេចក្តីប្រកាសរបស់យោធាប៉ាគីស្ថានមិនបានបញ្ជាក់ពីរយៈចម្ងាយអតិបរមា ល្បឿនជាក់លាក់ ឬទីតាំងនៃការបាញ់សាកល្បងមីស៊ីល Fatah-2 ER នេះទេ ៕
ប្រភព ៖ Economic Times ប្រែសម្រួល ៖ ឈឹម ទីណា
