អាមេរិក និងអ៊ីស្រាអែល ពិភាក្សាពីលទ្ធភាពបំផ្ទុះសង្គ្រាមឈុតធំថ្មីប្រឆាំង អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក និងអ៊ីស្រាអែល បានពិភាក្សាគ្នាអំពីលទ្ធភាពបំផ្ទុះសង្គ្រាមឈុតធំសាជាថ្មី ដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ មុនពេលការបោះឆ្នោតសកលនៅអ៊ីស្រាអែល ធ្វើឡើងនៅចុងខែតុលាខាងមុខ ។ នេះបើតាមសារព័ត៌មាន Axios ចេញផ្សាយថ្ងៃ អង្គារ ។
ព័ត៌មានរសើបនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ។
បើតាមមន្រ្តីជាន់ខ្ពស់អាមេរិក, មូលហេតុដែលអាមេរិក និងអ៊ីស្រាអែលពិចារណាវាយប្រហារឈុតធំលើអ៊ីរ៉ង់ម្តងទៀត គឺដោយសារតែលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា អ៊ីរ៉ង់កំពុងព្យាយាមស្តារសមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីធ្វើជាហេតុផលបំផ្ទុះសង្គ្រាមសាជាថ្មី ។
យោងតាម Jerusalem Post, ប្រសិនបើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់កើតឡើងមែននោះ វាអាចជះឥទ្ធិពលដល់ទាំងការបោះឆ្នោតនៅអ៊ីស្រាអែល និងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកា ។
ប្រភពបានទម្លាយឱ្យដឹងថា ប្រតិបត្តិការយោធារួមគ្នាដែលអាចធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានរំពឹងថា អាចនឹងកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធារបស់អ៊ីរ៉ង់ ។
ជាមួយគ្នានេះ ក៏មានរបាយការណ៍ដែរថា កងកម្លាំងអ៊ីស្រាអែល និងបញ្ជាការកណ្តាលអាមេរិក (CENTCOM) កំពុងស្ថិតក្រោមស្ថានភាពប្រុងជើងការ ដោយរង់ចាំតែបទបញ្ជាចេញពីមាត់លោកប្រធានាធិបតី ត្រាំ ឱ្យចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់តែប៉ុណ្ណោះ ៕
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា
