នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេងល្បែងស៊ីសងជិត ៩០នាក់ ក្នុងរយៈពេល ១០ថ្ងៃដើមខែតុលា
ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែងស៊ីសងជាបន្តបន្ទាប់ដោយបានឃាត់ខ្លួនមនុស្សសរុបជិត ៩០នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។
កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះបានបន្តប្រតិបត្តិការចុះបង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែងស៊ីសង បានជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ៨៧នាក់ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។ តួលេខនៃការបង្ក្រាបបង្ហាញឱ្យឃើញថា មានការថយចុះចំនួន ៣២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែកញ្ញាកន្លងទៅ។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបទល្មើសទាំងពីរប្រភេទនេះ ករណីក្មេងទំនើងកើតឡើងចំនួន ១៤ករណី ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៥៦នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត។ ដោយឡែក ចំពោះបទល្មើសល្បែងស៊ីសង បង្ក្រាបបានចំនួន ៧ករណី និងឃាត់ខ្លួនមនុស្ស ៣១នាក់ ក្នុងនោះ ២៨នាក់ត្រូវ បានបញ្ជូនទៅតុលាការ ចំណែក៣នាក់ទៀតត្រូវ បានធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
ផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការប្រព្រឹត្តអំពើហិង្សារបស់ក្រុមក្មេងទំនើង និងការលេងល្បែងស៊ីសង ត្រូវប្រឈមមុខនឹងទោសទណ្ឌជាច្រើនដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធ។ តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បទហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។ ក្នុងករណីមានស្ថានទម្ងន់ទោស ដូចជាការគិតទុកជាមុន ការប្រើប្រាស់អាវុធ ឬប្រព្រឹត្តដោយមានគ្នាច្រើន តាមមាត្រា ២១៨ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។
ដោយឡែក ទាក់ទិននឹងបទល្មើសល្បែងស៊ីសង យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ អ្នកលេងល្បែងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១ម៉ឺន ទៅ ៥ម៉ឺនរៀល និងដាក់ពន្ធនាគារពី ១សប្តាហ៍ ទៅ ១ខែ ហើយករណីមិនរាងចាល ត្រូវពិន័យពី ៥ម៉ឺន ទៅ ៥សែនរៀល និងជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ។
ទន្ទឹមនេះមាត្រា ៥ នៃច្បាប់ដដែលបានចែងថា អ្នកបើកទីតាំង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារល្បែងស៊ីសង ត្រូវប្រឈមនឹងការពិន័យជាប្រាក់ពី៥លាន ទៅ ២០លានរៀល និងដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ហើយបើមិនរាងចាល ត្រូវអនុវត្តទោសពិន័យ និងទោសពន្ធនាគារកម្រិតអតិបរមា៕
ដោយ៖ទួន សុផល


