សម្តេចអគ្គមហាពញាចក្រីហេងសំរិននិងលោកជំទាវប្រារព្ធពិធីសូត្រមន្តបង្សុកូលរាប់បាតប្រគេនព្រះសង្ឃសំរាប់ពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ត្បូងឃ្មុំ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤  ទី ១៥ នឹងទី១៦ ខែមេសាឆ្នាំ២០១៩ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុជា និងលោកជំទាវ សៅទី ព្រមទាំងឯកឧត្តម លោកជំទាវជា បុត្រា បុត្រី  ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បាន និមន្តព្រះសង្ឃ ដើម្បីប្រារព្ធ ពិធីសូត្រមន្តបង្សុកូលនៅវត្តគីរីសុវណ្ណារាមហៅវត្តថ្កូវស្ថិតនៅភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០១៩។ ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដោយបានប្រារព្ធពិធីនមសិកាព្រះរតនត្រ័យសមាទានសីលបង្សុកូល
 និងប្រារព្ធពិធីរាប់បាតប្រគេនព្រះសង្ឃដើម្បីជាកិច្ច ឧទ្ទិសកុសលទៅដល់បុព្វការីជន របស់សម្តេចអគ្គមហាពញាចក្រី ហេងសំរិននិងលោកជំទាវ មាន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខហើយសូម ឲ្យបានឋិតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
   នៅក្នុងពិធីនេះដែរព្រះសង្ឃបានប្រោះព្រំប្រសិទ្ធពរជ័យមង្គលនឹងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោកនិងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជានិងសូម ទេវតាឆ្នាំថ្មីឆ្នាំកុរ ព្រះនាម ទុង្សាទេវី សូមតាមជួយអភិបាលប្រោះព្រំសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា និងលោកជំទាវសៅទីព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់របស់សម្តេចបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈពលកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ចាក់ដែលថាវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ នេះស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ជាវត្តមានវ័យចំណាស់មួយក្នុងតំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្តទាំងមូលមានការរីកចំរើន យ៉ាងខ្លាំងមានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ខាងវិស័យព្រះពុទ្ធសាសនា អាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ។
នៅក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេងសំរិន និងលោកជំទាវបានប្រគេនបច្ច័យចំនួន១៥លានរៀលដល់វត្តគីរីសុវណ្ណរាមរួមជាទេយ្យវត្ថុនិងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃនិងបានចែកជូននូវសម្ភារៈនិងថវិកាដល់លោកយាយលោកតាដែលបានអញ្ជើញចូលរួមផងដែរ។
ឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកនាពេលដ៏ខ្លីខាងមុខនេះ សម្តេចអគ្គមហាពញាចក្រីហេងសំរិនសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមជួយថែរក្សា អភិបាល ប្រោសព្រំ និងប្រទានពរជ័យ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិគ្រប់ៗគ្នា ឱ្យទទួលបាននូវសិរីសួស្តី ជ័យមង្គល អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សេចក្តីសុខ និងសុភមង្គលគ្រប់ការ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner