លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ចាត់តំណាងជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនា តូចលេខ ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដ ខេត្ដកោះកុង
ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួង ទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនា តូចលេខ ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដ ខេត្ដកោះកុង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។
ថ្លែងឱកាសនោះ ឯកឧត្តមក៏បានពាំនាំសេចក្ដីផ្ដាំផ្ញើរសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជូនចំពោះមេបញ្ជាការ មេ បញ្ជាការរង នាយនគរបាល នាយនគរបាលរង និង ពលនគរបាល ទាំងអស់ និងក្រុមគ្រួសារ និង សូមជូនពរ ឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្ដីសុខ ចម្រើន និង ជោគជ័យគ្រប់ភារកិច្ច។ ឯកឧត្តមបានបន្តទៀតថា ការចុះសាកសួរសុខទុក្ខកងកម្លាំង ប្រដាប់អាវុធនាពេលនេះ គឺ ជាភស្តុតាង បញ្ជាក់ពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែស្រឡាញ់ កងទ័ព កងនគរបាលយើង និងបញ្ជាក់ពីចលនាស្នេហាជាតិ និង ការពារជាតិរបស់ប្រជាជនយើងទាំង មូលបានដែលកំពុង ក្លាយជាចលនាជាតិមួយយ៉ាងខ្លាំងក្លា។ ប្រជាជនយើង ទូទាំងប្រទេស គ្រប់និន្នាការនយោបាយ បានឯកភាព និង គាំទ្រយ៉ាងពេញទំហឹងចំពោះ គោល នយោបាយ របស់ រាជរដ្ឋាភិបាល លើការការពារ បូរណភាព ដែន ដី ប្រឆាំង នឹង ការឈ្លាន ពាន ពី បរទេស។
ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា ទោះជាយើងទទួលបានសុខសន្តិភាព និងមានការរីកចំរើនលើគ្រប់ វិស័យ ដូចយើងឃើញ នៅពេលនេះក្តី យើងមិនត្រូវភ្លេច ថា យើងពិត ជាបានឆ្លងកាត់ ការលំបាក ការបូជា និងការខិតខំច្រើនណាស់។ យើងពិតជាចងចាំបានថារបបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃបានប្រែក្លាយ មាតុភូមិកម្ពុជាយើងទៅជា វាលពិឃាត និងវិនាសកម្មយ៉ាងខ្លោចផ្សា។ ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានសម្លាប់ ឬរស់នៅដូចសត្វតិរច្ឆាន ដោយត្រូវទទួលរងទារុណកម្ម ធ្វើការជាទាសករ និងរស់នៅក្នុងគុកឥតជញ្ជាំង។ ខឿនសេដ្ឋកិច្ច ទាំងមូលរួមនឹង ជំនឿសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង។ តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅដើមឆ្នាំ ១៩៩៩ បានអនុវត្ត ដោយជោគជ័យ នូវដំណើរការ សមាហរណកម្ម អតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និង ធ្វើសន្តិភាវូបនីយ កម្មប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួប បង្រួមជាតិដែល បាន នាំមកនូវសន្តិភាព ឯកភាពជាតិ និង ឯកភាព ទឹក ដីទាំងស្រុង ។
ជាទីបញ្ចប់ឯកឧត្តមក៏បានថ្លែង អំណរគុណដល់ ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ក្រុមហ៊ុន គូហ៊ូឡុង និងបណ្ដា សម្បុរស ជនរួមទាំង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង មន្រ្ដីរាជការ នៃក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចូលរួមបរិច្ចាកធនធានមានទាំង សម្ភារៈ និងថវិកា ដើម្បីរួមចំណែកជួយគាំទ្រ និងលើក ទឹកចិត្ដដល់ កងកម្លាំងប្រដាប់អាវុធយ៉ាងអង់អាចក្លាហានរបស់យើងដែលកំពុងឈរជើង ប្រចាំការបំពេញភារកិច្ចដ៏ឧត្តមការពារបូរណភាពទឹកដី ក្នុង ភូមិសាស្រ្ដ ខេត្ដកោះកុង នេះកាន់តែមាន កម្លាំងចិត្ត និង ភាពកក់ក្ដៅថែមទៀត៕