សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគំនិតរចនា«បាតដៃសុភមង្គល»បែបខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រចំពោះគំនិតកែលម្អ «បាតដៃសុភមង្គល» នៅឆ្នេរខេត្តកំពត ឱ្យមានរចនាបថខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ។ រូបសំណាកបាតដៃនេះត្រូវបានផ្តួចផ្តើម និងកសាងឡើងដោយឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ក្នុងគោលបំណងបង្កើតតំបន់កម្សាន្តថ្មីមួយទៀតដល់ខេត្ត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ។
គំនិតកែលម្អរូបនេះត្រូវបានលើកឡើងដោយម្ចាស់គណនីឈ្មោះ« វប្បធម៌ ក្មេរ » ដែលបង្ហាញរូបភាព AI អំពីគំនិតរចនាបាតដៃសុភមង្គល ដោយបញ្ចូលលក្ខណៈសិល្បៈ និងរចនាបថខ្មែរ។
នៅលើបណ្តាញសង្គម សម្តេចធិបតីបង្ហាញក្តីសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ឯកឧត្តមអភិបាលខេត្តកំពត លោកបានឃើញ និងកំពុងសិក្សាជាមួយអ្នកជំនាញ និងមន្ទីរវប្បធម៌ខេត្តកំពត។
រូបសំណាកបាតដៃសុភមង្គល នេះ ទើបតែបើកទទួលស្វាគមន៍ភ្ញៀវទេសចរចូលទស្សនា និងកម្សាន្តលេង កាលពីថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌកាលពីប៉ុន្មានថ្ងៃមុន ដោយទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចំនួនជាង ២២ម៉ឺននាក់ ហើយជាខេត្តឈរលំដាប់ទី២ ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេ ក្នុងចំណោមរាជធានីខេត្តទាំង២៥៕
សៅ សុខអេង
