រដ្ឋជួយសន្សំថវិកាពលរដ្ឋរាប់លានដុល្លារ តាមរយៈសេវារថយន្តក្រុងឥតគិតថ្លៃដឹកពលរដ្ឋជាង ១១ម៉ឺននាក់
ភ្នំពេញ៖ការផ្តល់សេវារថយន្តក្រុងសាធារណៈជិះដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ។តាមទិន្នន័យផ្លូវការ យុទ្ធនាការនេះបានដឹកជញ្ជូនប្រជាពលរដ្ឋសរុបជាង ១១ម៉ឺននាក់ ទៅ-មកស្រុកកំណើត ប្រកបដោយសុវត្ថិភាព និងស្នាមញញឹម។ អ្វីដែលកាន់តែពិសេសនោះសកម្មភាពនេះបានជួយសន្សំសំចៃថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋបានរហូតដល់ចន្លោះពី ១.៧លាន ទៅ ២.២៧លានដុល្លារអាម៉េរិក។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៦នេះ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា មានប្រជាពលរដ្ឋមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ១១៣ ៧០៦ នាក់។
ចំនួននេះមានការកើនឡើងចំនួន ២១ ១៨៥ នាក់ ស្មើនឹង ២៣% បើប្រៀបធៀបទៅនឹងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែបានជួយសម្រាលបន្ទុកចំណាយជាក់ស្តែងរបស់ប្រជាពលរដ្ឋយ៉ាងច្រើនទៀត
ផង។
លោកស្រី ដោ សម្ផស្ស បានរំលេចថា ប្រសិនបើក្នុងប្រជាពលរដ្ឋម្នាក់ ចំណាយអស់ចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល គឺឃើញថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងអាចជួយសន្សំថវិកាជូនប្រជាពលរដ្ឋបានចន្លោះពី ១.៧លានដុល្លារ ទៅ ២.២៧លានដុល្លារអាម៉េរិកជាមធ្យម ។
សូមជម្រាបថា ការរៀបចំដ៏ធំត្រូវបានធ្វើឡើងតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង។ក្នុងនោះ ប្រើប្រាស់ ១០០គ្រឿង សម្រាប់សេវាដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ និងខ្សែរត់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ៥០០គ្រឿងទៀត សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅ-មកតាមបណ្តាខេត្ត តាមខ្សែរត់ធំៗចំនួន ៦គោលដៅ ព្រមទាំងមានការផ្តល់ជូនទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅលើរថយន្តក្រុងនីមួយៗផងដែរ។
ភាពជោគជ័យនៃយុទ្ធនាការដឹកជញ្ជូនឥតគិតថ្លៃនាពេលនេះ បានបង្ហាញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបាននាំមកនូវភាពកក់ក្តៅ សុវត្ថិភាព និងការជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ៕
ដោយ៖ហេង សម្បត្តិ




















