លោក បូរ ភ័កត្រា ក្លាយជាទូតសុច្ឆន្ទៈនៃវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលនឹងរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងខែតុលានេះ ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញការវិនិយោគ ពង្រីកទីផ្សារ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» ដែលទើបត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈនៃព្រឹត្តិការណ៍នេះ។
លោក បូរ ភ័កត្រា បានបង្ហាញក្តីរីករាយដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសឱ្យធ្វើជាទូតសុច្ឆន្ទៈនៃ CAFE26 ដោយសារព្រឹត្តិការណ៍នេះស្របនឹងចំណង់ចំណូលចិត្តរបស់លោក។
លោកបានចាត់ទុកវេទិកា និងពិព័រណ៍កសិកម្មនេះថា ជាឱកាសដ៏សំខាន់សម្រាប់ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកកែច្នៃ និងអ្នកវេចខ្ចប់ ព្រមទាំងការតភ្ជាប់រវាងអ្នកទិញ និងអ្នកផលិត។ ជាពិសេស ព្រឹត្តិការណ៍នេះអាចជួយផ្សព្វផ្សាយផលិតផលកសិកម្មក្នុងស្រុក និងបង្ហាញពីសក្តានុពលនៃវត្ថុធាតុដើមរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោក បូរ ភ័កត្រា បានបន្តថា ការពង្រីកទីផ្សារមានសារៈសំខាន់ចំពោះកសិករ ព្រោះនៅពេលមានទីផ្សារកាន់តែទូលំទូលាយ ពួកគាត់អាចបង្កើនការលក់ផលិតផល និងប្រាក់ចំណូល ដែលនឹងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។
លោកបានគូសបញ្ជាក់ថា កម្ពុជាមានធនធាន និងវត្ថុធាតុដើមជាច្រើន ដែលអាចយកមកប្រើប្រាស់ក្នុងការផលិត និងកែច្នៃកសិផល។ ដូច្នេះ ការចូលរួមក្នុង CAFE26 នឹងផ្តល់ឱកាសឱ្យកសិករបានស្វែងយល់ពីទីផ្សារ និងច្រកចេញសម្រាប់ផលិតផលរបស់ខ្លួន ព្រមទាំងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ។
លោកបានអំពាវនាវឱ្យប្រជាកសិករចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើន ដើម្បីទទួលបានព័ត៌មាន បទពិសោធន៍ និងឱកាសក្នុងការពង្រីកទីផ្សារ ដែលអាចរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា លោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» បានយល់ព្រមធ្វើជាទូតសុច្ឆន្ទៈ ដើម្បីចូលរួមផ្សព្វផ្សាយពីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍លើកទី១កាលពីឆ្នាំ២០២៥ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ រំពឹងថា នឹងមានស្តង់ពិព័រណ៍ជាង ៤០០ស្តង់ អ្នកចូលរួមទស្សនាប្រមាណ ២៥ ០០០នាក់ និងកសិករជាង ២ ០០០នាក់៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

