លោក ត្រាំ បដិសេធលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមិនចាំបាច់ប្រើប្រាស់អាវុធទាំងនោះទេ។ នេះបើតាមការចេញផ្សាយរបស់ anadolu នៅថ្ងៃសុក្រនេះ។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័ត៌មាន Newsmax កាលពីថ្ងៃព្រហស្បតិ៍ នៅពេលត្រូវបានសួរអំពីសេចក្តីរាយការណ៍ដែលថា រដ្ឋបាលរបស់លោកកំពុងពិចារណាប្រើប្រាស់គ្រាប់បែកកម្រិតធំបំផុត ប្រឆាំងនឹងអ៊ីរ៉ង់ ដែលអាចកើតឡើងក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក ឬយ៉ាងណា, លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាអាវុធធម្មតា មិនមែននុយក្លេអ៊ែរ។
លោក បន្ថែមថា «វាគ្រាន់តែជាគ្រាប់បែកដែលមានទំហំធំខ្លាំងបំផុតមួយប៉ុណ្ណោះ»។
ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីលោកសង្កត់ធ្ងន់ពីការប្រើប្រាស់ Mother of all bombs ឬ មេគ្រាប់បែក ត្រៀមកម្ទេចអ៊ីរ៉ង់។
លោកបានបញ្ជាក់ម្តងទៀតថា «Mother of all bombs គឺជាគ្រាប់បែកដ៏ធំមួយ ប៉ុន្តែ វាមិនមែនជាអាវុធនុយក្លេអ៊ែរទេ..យើងមិនចាំបាច់ធ្វើបែបនោះទេ»។
នៅក្នុងបទសម្ភាសន៍នេះដែរ, នៅពេលត្រូវបានសួរថាតើលោកទុកចិត្តនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu ដែរឬទេ, លោក ត្រាំ បានឆ្លើយតបថា «និយាយតាមត្រង់ទៅ ខ្ញុំមិនទុកចិត្តនរណាម្នាក់ឡើយ…នៅក្នុងពិភពនយោបាយ ខ្ញុំមិនទុកចិត្តនរណាម្នាក់ឡើយ»៕
ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត
