លីបង់ ជំរុញ អាមេរិក ដាក់សម្ពាធ អ៊ីស្រាអែល ឱ្យឈប់វាយប្រហារនៅភាគខាងត្បូងប្រទេសខ្លួន
បេរូត ៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានជំរុញឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីបញ្ឈប់ការវាយប្រហារលើភូមិ និងទីប្រជុំជននានានៅភាគខាងត្បូងប្រទេសលីបង់ ។
ការជំរុញនេះកើតឡើង ក្នុងអំឡុងពេលលោកប្រធានាធិបតី Aoun និយាយទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃ ព្រហស្បតិ៍ ដែលផ្តោតលើស្ថានការណ៍ចុងក្រោយនៅក្នុងប្រទេសលីបង់ និងតំបន់មជ្ឈិមបូព៌ា ។
យោងតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីលីបង់, លោក Aoun បានស្នើឱ្យលោក Rubio ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដោយបញ្ឈប់ប្រតិបត្តិការឈូសឆាយដី និងអនុញ្ញាតឱ្យកសិករចូលទៅកាន់ដីស្រែចម្ការរបស់ពួកគេវិញ ព្រមទាំងបញ្ឈប់ការកំណត់គោលដៅលើកសិករទាំងនោះ ។
កាលពីខែមិថុនា រដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ។ កិច្ចព្រមព្រៀងនេះ រួមមានការដកកងទ័ពអ៊ីស្រាអែលចេញពីទឹកដីលីបង់ជាដំណាក់កាល ព្រមទាំងការរំសាយអាវុធរបស់ក្រុមហេសបូឡា និងលក្ខខណ្ឌផ្សេងៗទៀត ។
បើតាម Anadolu, អ៊ីស្រាអែលនៅតែបន្តការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីដើមខែមីនាកន្លងមក ដោយបានសម្លាប់មនុស្សជាង ៤.៣០០ នាក់ និងធ្វើឱ្យប្រជាជនជាង ១ លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
