ឥណ្ឌូនេស៊ី ស្វែងរកជំនួយបរទេស ទប់ទល់នឹងភ្លើងឆេះព្រៃ ដ៏អាក្រក់បំផុត
ហ្សាកាតា ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អះអាងនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Prabowo Subianto ត្រៀមទទួលយកជំនួយពីបរទេស ដើម្បីទប់ទល់នឹងអគ្គិភ័យឆាបឆេះព្រៃឈើដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
យោងតាមការថតសំឡេង ដែលបានចែករំលែក ដោយក្រសួងការបរទេសឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីការបរទេស លោក Arrmanatha Nasir បានមានប្រសាសន៍ថា «លោកប្រធានាធិបតីបានយល់ព្រមរួចហើយ ហើយបញ្ហានេះកំពុងត្រូវបានពិភាក្សានៅកម្រិតបច្ចេកទេស នៅក្នុងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ BNPB»។
បើតាម reuters, ប្រទេសឥណ្ឌូនេស៊ីបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានហេតុការណ៍ឆេះព្រៃយ៉ាងសន្ធោសន្ធៅ អស់រយៈពេលជាច្រើនខែ ដែលបានបង្កឱ្យមានបញ្ហាផ្លូវដង្ហើមដល់ប្រជាជនរាប់សែននាក់ ព្រមទាំង បានបណ្តាលឱ្យផ្សែងហុយយ៉ាងក្រាស់រីករាលដាល ទៅដល់ប្រទេសជិតខាង ដែលជាហេតុនាំឱ្យមានការបិទសាលារៀន នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសទីម័រខាងកើត។
ក្រសួងព្រៃឈើឥណ្ឌូនេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា អគ្គិភ័យក៏បានរាលដាលទៅដល់ឧទ្យានជាតិភ្នំប្រូម៉ូ (Mount Bromo) ក្នុងខេត្តជ្វាខាងកើត (East Java) ផងដែរ ដែលហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស ៤ នាក់ ដែលចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់អគ្គិភ័យបានស្លាប់បាត់បង់ជីវិត។ មនុស្ស ២ នាក់ផ្សេងទៀតកំពុងទទួលការព្យាបាល ដោយសាររងរបួសរលាកយ៉ាងធ្ងន់ធ្ងរ៕
ប្រភព reuters , ៖ ប្រែសម្រួល ៖ សារ៉ាត