មានអ្នកចុះឈ្មោះជិត ១ ៥០០នាក់ក្នុងព្រឹត្តិការណ៍«រត់ដើម្បីកុមារ»របស់យូនីសេហ្វ គិតត្រឹមថ្ងៃទី១៦តុលា
គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ មនុស្សជិត ១ ៥០០នាក់បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ «រត់ដើម្បីកុមារ» ដែលរៀបចំឡើងដោយអង្គការយូនីសេហ្វប្រចាំកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ យូនីសេហ្វផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។
ព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» អមដោយពិព័រណ៍«ភូមិយូនីសេហ្វ» ដើម្បីអបអរទិវាកុមារពិភពលោក និងខួប ៨០ឆ្នាំនៃបេសកកម្មរបស់យូនីសេហ្វទូទាំងពិភពលោក នឹងប្រារព្ធធ្វើឡើងនៅបរិវេណប្រាសាទបាគង ក្នុងខេត្តសៀមរាប នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
សំបុត្រចូលរួមមានតម្លៃ ១៥ដុល្លារសម្រាប់ចម្ងាយរត់ ១០គីឡូម៉ែត្រ និង ១២ដុល្លារសម្រាប់ចម្ងាយរត់ ៣គីឡូម៉ែត្រ។ ការចុះឈ្មោះ និងទិញសំបុត្រនឹងផុតកំណត់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
ក្នុងកម្មវិធីនេះ អង្គការយូនីសេហ្វក៏ត្រៀមផ្ដល់ជូនសំបុត្រឥតគិតថ្លៃចំនួន ១ពាន់សំបុត្រសម្រាប់កុមារ និងយុវជនអាយុក្រោម ១៨ឆ្នាំផងដែរ។
ព្រឹត្តិកាណ៍នេះនឹងមានការចូលរួមរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញារធរជាតិអប្សារា មន្ទីរពាក់ព័ន្ធ តំណាងអង្គទូត/អង្គការសហប្រជាជាតិ សិល្បករ សិល្បការនី អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម រួមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន។
បើតាមយូនីសេហ្វ ការរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» នេះ ជាចលនារួមគ្នាដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូបនៅកម្ពុជា។ សម្រាប់ថវិការៃអង្គាសបានទាំងអស់ពីការលក់សំបុត្រនឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់មូលនិធិយូនីសេហ្វនៅកម្ពុជា ដើម្បីជួយដល់កុមារ ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាល៕
សេង បារាំង AMS