ខេត្តសៀមរាប គ្រោងដំឡើងអំពូលភ្លើងសូឡា៦ពាន់ដើមនៅតាមបណ្តាយផ្លូវជាតិលេខ៦
រាជរដ្ឋាភិបាលគ្រោងដំឡើងអំពូលសូឡាចំនួន ៦ពាន់ដើម តាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីបំភ្លឺផ្លូវ និងលើកកម្ពស់សោភ័ណភាពផ្លូវ និងសុវត្ថិភាពចរាចរណ៍នៅពេលយប់។ នេះបើតាមឱ្យដឹងពីលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS។
លោក លី វណ្ណៈ បានបញ្ជាក់ថា ខេត្តសៀមរាបគ្រោងដំឡើងអំពូលសូឡាប្រវែងប្រវែង ១៣២គីឡូម៉ែត្រ រវាងព្រំប្រទល់ជាមួយខេត្តកំពង់ធំ រហូតដល់ស្រុកក្រឡាញ់ព្រំប្រទល់ជាមួយខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៧ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងបង្កើនសុវត្ថិភាពចរាចរណ៍នៅពេលយប់សម្រាប់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកា ៦លានដុល្លារ សម្រាប់ដំឡើងអំពូលសូឡាបំភ្លឺនៅតាមផ្លូវប្រវែងចំនួន១ ២០០គីឡូម៉ែត្រនៅរាជធានីភ្នំពេញ និងខេត្តចំនួន ១២ផ្សេងទៀត រួមមាន ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម តាកែវ ព្រះសីហនុ កោះកុង កំពត និងខេត្តកែប។
បច្ចុប្បន្ន ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កោះកុង កំពង់ធំ ព្រៃវែង និងតំបន់មួយចំនួនផ្សេងទៀត បាននិងកំពុងដំឡើងអំពូលសូឡានេះហើយ៕



សៅ សុខអេង