កម្ពុជាឡាវវៀតណាមពង្រឹងសន្តិសុខព្រំដែននិងគ្រោងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០២៧

កម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាឆ្នាំ២០២៧ ដើម្បីពង្រឹងសន្តិសុខព្រំដែន ប្រឆាំងបទល្មើសឆ្លងដែន និងរៀបចំលំហាត់សមយុទ្ធរួមគ្នា សំដៅរឹតបន្តឹងចំណងមិត្តភាពនៃប្រទេសទាំងបីឱ្យកាន់តែរឹងមាំ។
 
ប្រទេសកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការយោធាសម្រាប់ឆ្នាំ២០២៧ ដើម្បីពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនរួមគ្នា ព្រមទាំងប្រឆាំងបទល្មើសឆ្លងដែនផ្សេងៗ ដូចជាការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។
 
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងកាលពីថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី គឺឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ដើម្បីពិភាក្សា និងកំណត់អាទិភាពការពារជាតិរួមគ្នាសម្រាប់ឆ្នាំខាងមុខ។
 
នៅក្នុងផែនទីបង្ហាញផ្លូវសហប្រតិបត្តិការថ្មីនេះ កងកម្លាំងជួរមុខនៃប្រទេសជាប់ព្រំដែនគ្នាទាំងបីនឹងបង្កើនការល្បាតរួមគ្នា និងពង្រឹងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីជួយកំណត់អត្តសញ្ញាណ និងឆ្លើយតបចំពោះការគំរាមកំហែងផ្នែកសន្តិសុខ ដូចជាការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស និងការឆ្លងដែនខុសច្បាប់បានកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ភាគីទាំងបីក៏នឹងជំរុញ និងពន្លឿនសកម្មភាពបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័សផងដែរ។
 
លើសពីនេះ ក្រសួងការពារជាតិនៃប្រទេសទាំងបីបានព្រមព្រៀងបន្តរៀបចំជំនួបជាទៀងទាត់រវាងរដ្ឋមន្ត្រី ក៏ដូចជាផ្លាស់ប្តូរវេនធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធសង្គ្រោះ និងពង្រីកការផ្លាស់ប្តូរបទពិសោធន៍រវាងនាយទាហានវ័យក្មេង។
 
កិច្ចព្រមព្រៀងនេះបានធ្វើឡើង បន្ទាប់ពីការបញ្ចប់លំហាត់សមយុទ្ធរួមគ្នាស្តីពីការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ក្នុងសមយុទ្ធនោះ កងទ័ពនៃប្រទេសទាំងបីបានហ្វឹកហាត់រួមគ្នាក្នុងការសង្គ្រោះ និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ការបាក់រលំអគារ ការលេចធ្លាយសារធាតុគីមី និងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រនៅទីវាល។
 
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធាថ្មីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពដែលមានស្រាប់ រវាងប្រទេសជិតខាងទាំងបី ចំពេលដែលឆ្នាំ២០២៧ខាងមុខ ប្រទេសឡាវ និងវៀតណាម នឹងប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត ខណៈដែលកម្ពុជា និងវៀតណាម នឹងប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតជាមួយគ្នា៕

ទួន សុផល

ads banner