អ៊ីរ៉ង់ ទាត់ចោលការចោទប្រកាន់ដែលថា ខ្លួនចូលដៃជាមួយ ហ៊ូទី វាយប្រហារយេម៉ែន
តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានប្រកាសបដិសេធការចោទប្រកាន់របស់អារ៉ាប៊ីសាអូឌីតដែលថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន។
ការបដិសេធនេះ បានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីលោក Rayed Krimly អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកការទូតសាធារណៈ អារ៉ាប៊ីសាអូឌីតបានលើកឡើងថា អ៊ីរ៉ង់បានជំរុញឱ្យមានការកើនឡើងនៃសកម្មភាពវាយប្រហារទាំងនេះ។
ជាការឆ្លើយតប, លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បដិសេធរាល់ការអះអាងដែលថា អ៊ីរ៉ង់បានដើរតួនាទីនៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ូទី នៅយេម៉ែន»។
លោកបានបន្ថែមថា «កងកម្លាំងប្រដាប់អាវុធនៅយេម៉ែនធ្វើសកម្មភាព ដោយផ្អែកលើផលប្រយោជន៍ និងការវាយតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ។ ការអះអាងបែបនេះគឺមិនអាចជឿទុកចិត្តបានឡើយសម្រាប់អ្នកដែលយល់ដឹងច្បាស់អំពីទំនាក់ទំនងរវាងអ៊ីរ៉ង់ និងបណ្តាភាគីសម្ព័ន្ធមិត្តរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនយល់ឃើញថា ការកើនឡើងនៃភាពតានតឹងនេះ ផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ»។
ចាប់តាំងពីសង្គ្រាមស៊ីវិលនៅយេម៉ែនបានផ្ទុះឡើងវិញ នៅក្នុងខែកក្កដាមក, ក្រុមហ៊ូទី ដែលគេចោទថា គាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារគោលដៅនានារបស់អារ៉ាប៊ីសាអូឌីតជាបន្តបន្ទាប់ រួមមាននាវាដឹកប្រេងនៅសមុទ្រក្រហម, ហេដ្ឋារចនាសម្ព័ន្ធប្រេង និង អាកាសយានដ្ឋានអន្តរជាតិក្រុងរីយ៉ាដ (Riyadh) ដែលក្នុងនោះ មានមនុស្ស ១៣ នាក់បានស្លាប់ នៅក្នុងការវាយប្រហារមួយកាលពីសប្តាហ៍មុន។
សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
កាលពីថ្ងៃសុក្រ សម្ព័ន្ធយោធាបានរាយការណ៍ថា ខ្លួនបានស្ទាក់ចាប់មីស៊ីល និងយន្តហោះដ្រូនបន្ថែមទៀត ខណៈដែលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតកំពុងរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូទី៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត