ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិចរួមគ្នា
ព្រះមហាក្សត្រកម្ពុជា និងលោកប្រធានាធិបតីបារាំង គ្រោងយាង និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ បន្ទាប់ពីការជួសជុសប្រាសាទដ៏ស្រស់ស្អាតនៅកណ្តាលបារាយទឹកថ្លានេះ បានបញ្ចប់ទាំងស្រុង ដោយចំណាយពេលអស់១៤ឆ្នាំ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង គ្រោងយាង និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ បន្ទាប់ពីគម្រោងជួសជុលដ៏ធំ និងលំបាកនេះត្រូវបញ្ចប់ជាស្ថាពរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។
ប្រាសាទមេបុណ្យខាងលិច ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ នៅលើទួលមួយចំកណ្តាលបារាយណ៍ទឹកថ្លា ក្នុងក្រុងសៀមរាប។ ប្រាសាទនេះព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន១៦ ហើយធ្លាប់មានភាពលេចធ្លោដោយសាររូបព្រះវិស្ណុផ្ទុំដ៏ធំធ្វើពីសំរឹទ្ធនៅចំកណ្តាលស្រះ។
ដោយធ្លាប់ទទួលបានការជួសជុលពីក្រុមអភិរក្សដ្ឋានអង្គរ គ្រប់គ្រងដោយបារាំងកាលពីឆ្នាំ១៩៤០ ប្រាសាទនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារអាយុកាល ធម្មជាតិ និងសង្គ្រាមនាពេលក្រោយមក។ លុះនៅឆ្នាំ២០១២ កម្ពុជា និងបារាំងបានចាប់ផ្តើមគម្រោងជួសជុលទ្រង់ទ្រាយធំរួមគ្នា ដែលទើបតែត្រូវបានបញ្ចប់ជាស្ថាពរនៅពេលនេះ បន្ទាប់ពីចំណាយពេលអស់ ១៤ឆ្នាំ និងថវិកាសរុប ១២លានដុល្លារអាមេរិក។
ការជួសជុលឡើងវិញនេះបានធ្វើឲ្យតួប្រាង្គទាំង១៦ កំពែងប្រវែង១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធស្ពានហាលឆ្ពោះទៅបល្ល័ង្គព្រះវិស្ណុផ្ទុំ ដែលធ្លាប់តែបែកបាក់ និងដួលរលំ អាចឈរយ៉ាងរឹងមាំឡើងវិញ នៅកណ្តាលបារាយណ៍ទឹកថ្លា។
ឯកឧត្តម យិត ចាន់ដារដ្ឋ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១៤ឆ្នាំមកនេះ ក្រុមការងាររួមគ្នារវាងកម្ពុជា និងបារាំង ព្រមទាំងកម្មករជាង ១០០នាក់ បានជួបប្រទះការលំបាកជាច្រើនក្នុងការសិក្សាឯកសារ ការស្វែងរកថ្មដើមមកបំពេញ ការដឹកជញ្ជូនសម្ភារៈ និងថ្មតាមទូក ព្រមទាំងការគ្រប់គ្រងទឹកបារាយណ៍ដោយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យការដ្ឋានដំណើរការបានពេញមួយឆ្នាំ ស្របពេលដែលត្រូវរក្សាទឹកសម្រាប់ស្រោចស្រពស្រែជាង ៧ ០០០ហិកតា និងផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងសៀមរាប។ បច្ចុប្បន្ន ការងារចុងក្រោយដែលកំពុងរៀបចំ គឺការលម្អបរិស្ថាន បំពាក់ស្លាកសញ្ញាព័ត៌មាន និងការរៀបចំផ្លូវដើរសម្រាប់ទេសចរ។
អាជ្ញាធរជាតិអប្សរាជឿជាក់ថា ក្រោយការជួសជុល កំពែង និងតួប្រាង្គរបស់ប្រាសាទមេបុណ្យខាងលិចអាចនឹងនៅឈររឹងមាំបង្ហាញភ្នែកទេសចរ និងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ គោរពបូជា យ៉ាងហោចណាស់ក៏៥០ ទៅ១៥០ឆ្នាំខាងមុខ ឬលើសនេះ បើមានការថែទាំជាប្រចាំ៕ ទួន សុផល








