លោក Trump ចេញបទបញ្ជាថ្មី ឲ្យលើកលែងទណ្ឌកម្ម និង ពន្ធលើ រុស្ស៊ី

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្តីពីការលើកលែងទណ្ឌកម្ម និងពន្ធយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើប្រាក់ចំណូលថាមពលរបស់រុស្ស៊ី ពោលគឺបន្ទាប់ពីលោកចុះហត្ថលេខាលើច្បាប់ទាំងនោះ កាលពីខែមុន។

ច្បាប់ Lindsey Graham ដាក់ឈ្មោះតាមសមាជិកព្រឹទ្ធសភាអាមេរិក ដែលបានទទួលមរណភាព និងជាអ្នកជំរុញសេចក្តីព្រាងច្បាប់នេះ បានអនុញ្ញាតឱ្យលោក Trump មានសិទ្ធិអំណាចក្នុងការដាក់ពន្ធរហូតដល់ ១០០ ភាគរយ លើអ្នកទិញប្រេង និងឧស្ម័នសំខាន់ៗរបស់រុស្ស៊ី។

បទបញ្ជាប្រតិបត្តិ បានចែងថា «ដូចដែលបានពិពណ៌នាបន្ថែម នៅក្នុងផ្នែកទី ៤ នៃបទបញ្ជានេះ ខ្ញុំសូមលើកលែងការអនុវត្តទណ្ឌកម្ម ការរឹតបន្តឹង និងពន្ធបែបនេះ ដែលមានចែងក្នុងច្បាប់ Graham»។

ច្បាប់នេះផ្តោតលើវិស័យថាមពល និង ការពារជាតិរបស់រុស្ស៊ី, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក៏ដូចជា កងនាវាដឹកប្រេងស្រមោលរបស់ទីក្រុងមូស្គូ ដែលត្រូវបានប្រើដើម្បីគេចវេសពីទណ្ឌកម្មរបស់លោកខាងលិច។

ការបញ្ច្រាសរបស់លោក Trump លើទណ្ឌកម្មរបស់រុស្ស៊ី បានកើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ ដែលលោកបានធ្វើជាមួយលោក Putin ដោយនឹងអនុញ្ញាតឱ្យរុស្ស៊ីនាំចេញប្រេងម៉ាស៊ូតរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ចាប់តាំងពីមានកិច្ចព្រមព្រៀងនេះមក, ទំនាក់ទំនងរវាងទីក្រុងកៀវ និង ទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ដុនដាប។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅវាថាជា «ការសម្រេចចិត្តដ៏ទន់ខ្សោយ» ហើយលោកជំរុញឲ្យកងកម្លាំងអ៊ុយក្រែនបានបន្តការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner