អឺរ៉ុបចេញមុខជួយអ៊ុយក្រែលើរូបភាពផ្កាយរណប ក្រោយរកាំរកូសជាមួយអាមេរិក

ព្រុចសែល ៖ ប្រធានាធិបតីបារាំង បានអះអាង កាលពីថ្ងៃសុក្រថា អឺរ៉ុបកំពុងធ្វើការដើម្បីជួយអ៊ុយក្រែនជាមួយនឹងរូបភាពផ្កាយរណប នៅសមរភូមិប្រយុទ្ធ។ ការចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីទីក្រុងកៀវ ត្អូញត្អែរពីការមានបញ្ហាលើបច្ចេកវិទ្យានេះ ជាមួយអាមេរិក។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល EU នៅទីក្រុងព្រុចសែលថា អឺរ៉ុបកំពុងជួយអ៊ុយក្រែនពីទស្សនៈបច្ចេកទេស។

លោក Macron មានប្រសាសន៍ថា «យើងក៏កំពុងធ្វើការដោយមិនចេះនឿយហត់ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការវាយប្រហារ តាមរយៈរូបភាពផ្កាយរណប និងប្រព័ន្ធព្រមានជាមុន ដែលត្រូវការយ៉ាងខ្លាំង»។

ការអះអាងនេះ ធ្វើឡើង ខណៈដែលភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីភាពពឹងផ្អែករបស់ទីក្រុងកៀវលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក នៅលើសមរភូមិ។

ជាក់ស្តែង កាលពីថ្ងៃពុធ , ទីប្រឹក្សាលោកប្រធានាធិបតី Volodymyr Zelensky អះអាងថា ទីក្រុងវ៉ាស៊ីនតោនខកខាន ក្នុងការប្រាប់អ៊ុយក្រែនជាមុន អំពីការវាយប្រហារដោយគ្រាប់មីស៊ីល ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធាតបតវិញរបស់ទីក្រុងកៀវ តាមរយៈការកែប្រែប្រព័ន្ធ Starlink ដែលអ៊ុយក្រែនកំពុងប្រើប្រាស់នៅលើសមរភូមិ ។

ការចោទប្រកាន់ដ៏កម្របែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky អំពាវនាវដល់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk ឱ្យស្តារប្រព័ន្ធ Starlink ឡើងវិញ បន្ទាប់ពីប្រព័ន្ធមួយនេះត្រូវបានគេកាត់បន្ថយល្បឿន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner