លោក ត្រាំ ប្រកាសត្រៀមកម្ទេចភ្នំ អ៊ីរ៉ង់ ដោយចោទថា ជាទីតាំងផលិតអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកអាចនឹងត្រូវកំណត់គោលដៅវាយប្រហារលើ ភ្នំ Pickaxe ដែលជាទីតាំងមួយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយលោកមានបំណងធានាថា ទីក្រុងតេហេរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរនោះឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Newsmax កាលពីយប់ថ្ងៃព្រហស្បតិ៍, លោក ត្រាំ បានរៀបរាប់ថា «កម្មវិធីនុយក្លេអ៊ែររបស់ពួកគេត្រូវបានកប់នៅក្រោមភ្នំ ដែលមានទម្ងន់រាប់លានតោន។ ឥឡូវនេះ យើងកំពុងពិនិត្យមើលភ្នំ Pickaxe។ យើងអាចនឹងវាយប្រហារគោលដៅនោះ ហើយយើងនឹងកម្ទេចវាចោលយ៉ាងឆាប់រហ័ស»។

លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកចង់ធានាថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ «ពីព្រោះប្រសិនបើពួកគេមានអាវុធទាំងនេះ ពួកគេនឹងប្រើប្រាស់ជាមិនខាន»។

បើតាម Reuters, ភ្នំ Pickaxe គឺជាទីតាំងមួយដែលមានការការពារយ៉ាងរឹងមាំ ហើយ ត្រូវបានសាងសង់កប់យ៉ាងជ្រៅ នៅក្រោមដី ក្បែរនឹងទីតាំងនុយក្លេអ៊ែរសំខាន់ៗមួយ របស់ទីក្រុងតេហេរ៉ង់។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងប្រាប់ Newsmax ដែរថា មិនចាំបាច់ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរប្រឆាំងទៅលើអ៊ីរ៉ង់ ហើយក៏គ្មានគម្រោងបញ្ជូនកងទ័ពជើងគោកអាមេរិក ចូលលុកលុយទៅកាន់ប្រទេសអ៊ីរ៉ង់នោះដែរ។

ប៉ុន្តែ លោក ត្រាំ បញ្ជាក់ថា អាមេរិកគ្រោងនឹងប្រើប្រាស់គ្រាប់បែកខ្នាតយក្ស MOAB បើផ្ទុះសង្គ្រាមជុំថ្មី ដោយអះអាងបន្ថែមជាថ្មីថា អាវុធប្រភេទនេះមិនមែនជាគ្រាប់បែកនុយក្លេអ៊ែរនោះទេ៕

ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner