វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប
ហាណូយ ៖ វៀតណាម និងប្រទេសអឺរ៉ុបចំនួន៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ ដោយមានគោលបំណងពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែសម្បូរបែប ខណៈដែលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកកំពុងបង្កការរំខានដល់ពាណិជ្ជកម្មសកល។
កិច្ចព្រមព្រៀងរវាងវៀតណាម និង សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ហៅកាត់ EFTA ដែលរួមមានប្រទេសអ៊ីស្លង់, លីចតិនស្តាញ, ន័រវែស និងស្វីស នឹងលុបបំបាត់ ឬកាត់បន្ថយពន្ធគយ រួមទាំងពន្ធលើការនាំចូលផលិតផលឧស្សាហកម្ម ផលិតផលជលផល និងផលិតផលកសិកម្ម។
សមាគម EFTA ត្រូវបានបង្កើតឡើងក្នុងនាមជាដៃគូប្រៀបធៀបនឹងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប ឬ European Economic Community ដែលជាស្ថាប័នមុននឹងក្លាយទៅជាសហភាពអឺរ៉ុប។ ប្រទេសសមាជិកទាំងបួនរបស់ EFTA មានទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ប៉ុន្តែ ពួកគេមិនបានចូលជាសមាជិកនៃសហភាពនេះទេ។
យោងតាមសមាគមនេះ, ពាណិជ្ជកម្មទ្វេភាគីរវាង EFTA និងវៀតណាមកាលពីឆ្នាំមុន មានតម្លៃ ៤,៨ ពាន់លានអឺរ៉ូ ឬ ៥,៤ ពាន់លានដុល្លារអាមេរិក។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងជួយឱ្យវៀតណាម ពង្រីកទីផ្សារនាំចូល និងនាំចេញរបស់ខ្លួនឱ្យកាន់តែសម្បូរបែប និង ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល ផងដែរ។
កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានដាក់ចេញនូវវិធានការដំឡើងពន្ធជាបន្តបន្ទាប់ ដែលបានបង្កការរំខានដល់ពាណិជ្ជកម្មសកល និងធ្វើឱ្យវៀតណាមត្រូវប្រឈមនឹងការបង់ពន្ធខ្ពស់លើទំនិញនាំចេញទៅកាន់សហរដ្ឋអាមេរិក ខណៈដែលការចរចារវាងវៀតណាម និងទីក្រុងវ៉ាស៊ីនតោននៅតែបន្ត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
