រុស្ស៊ី ថា ទោះ អ៊ុយក្រែន ប្រឹងវាយឈុតធំយ៉ាងណា ក៏មិនអាចបញ្ឈប់សង្គ្រាមបានឡើយ
មូស្គូ ៖ វិមានក្រឹមឡាំងបានអះអាងកាលពីថ្ងៃ អាទិត្យ ថា ទោះបីអ៊ុយក្រែនប្រឹងវាយប្រហារឈុតធំលើទីក្រុងជាច្រើនរបស់រុស្ស៊ីយ៉ាងណា ក៏នឹងមិនអាចបញ្ឈប់សង្គ្រាមបានដោយងាយស្រួលឡើយ ។
ការអះអាងនេះកើតឡើង ចំពេលដែលអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះដ្រូនឈុតធំបំផុតមួយមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងឆ្នាំ ២០២២ ទៅលើទីក្រុង Saint Petersburg ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។
បើតាម Straits Times, ការវាយប្រហារនេះ បានបណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅស្ថានីយប្រេងកាត Petersburg Oil Terminal, ឃ្លាំងផ្ទុកប្រេង Ruchyi និងឃ្លាំងឧស្សាហកម្មមួយចំនួនទៀត ។
លើសពីនេះ ស្ថានីយអគ្គិសនីចំនួន ២ កន្លែងត្រូវបានបំផ្លាញ បង្កឱ្យប្រជាជនប្រហែល ២០,០០០ នាក់ដាច់ចរន្តអគ្គិសនី ហើយជើងហោះហើរនៅព្រលានយន្តហោះ Pulkovo ត្រូវបានរឹតត្បិតជាបណ្តោះអាសន្ន ។
បើតាមអភិបាលក្រុង Saint Petersburg លោក Alexander Beglov, មនុស្សម្នាក់បានស្លាប់ និង ៥ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈមជ្ឈមណ្ឌលទិន្នន័យរបស់បណ្តាញសង្គមរុស្ស៊ី VKontakte និងមជ្ឈមណ្ឌលភស្តុភាររបស់ក្រុមហ៊ុនលក់រាយ Ozon ក៏រងការវាយប្រហារផងដែរ ។
យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ច្បាស់ៗថា ការវាយប្រហារឈុតធំរបស់អ៊ុយក្រែន នឹងមិនអាចផ្លាស់ប្តូរទិសដៅនៃសង្គ្រាមរបស់រុស្ស៊ីបានឡើយ ហើយថា ទីក្រុងមូស្គូនឹងបន្តប្រតិបត្តិការយោធារបស់ខ្លួន រហូតបានសម្រេចគោលដៅ ។
ការឆ្លើយតបរបស់រុស្ស៊ីនេះធ្វើឡើង ក្នុងគ្រាដែលលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ទីក្រុងមូស្គូ ជុំវិញការរំលោភបំពាន «បទឈប់បាញ់ថាមពល» ដែលប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំនួន ៧៦ ដង ហើយថែមទាំងព្រមានថា រុស្ស៊ីមានគម្រោងវាយប្រហារកាត់ដាច់ចរន្តអគ្គិសនីនៅអ៊ុយក្រែន មុនរដូវរងាមកដល់ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
