ក្នុងត្រីមាសទី៣ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជិត ៥លានដុល្លារ
ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបជាង ៤លាន ៨សែនដុល្លារអាម៉េរិក ពីសប្បុរសជនសរុបចំនួន ៤៨ ៣៧៦ រូប គិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
ស្របពេលជាមួយគ្នានេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យ និងព្យាបាលទារក, កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង ៤៦ ម៉ឺនករណី ក្នុងនោះមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៣០ម៉ឺនករណី, ទារក និងកុមារមានជំងឺធ្ងន់ដាក់ឱ្យសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ៨ ម៉ឺន ៣ពាន់ករណី, និងជំងឺគ្រុនឈាមចំនួនជាង ២ម៉ឺន ៥ពាន់ករណី។
ក្រៅពីនេះ មន្ទីរពេទ្យគន្ធបុប្ផាបានធ្វើការវះកាត់ទូទៅចំនួនជាង ១ម៉ឺនករណី, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងចំនួន ៣១៩ ករណី, តាមដានផ្ទៃពោះចំនួនជាង ៣ម៉ឺន ១ពាន់ករណី និងសម្រាលកូនជាង ៥ ៧០០ នាក់។ ការចំណាយសរុបមានចំនួនប្រមាណជាង ១៣លាន ៥សែនដុល្លារអាម៉េរិក។
មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលបានផ្តល់ការគាំទ្រ និងបន្តបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីប្រភពស្របច្បាប់នានា ក្នុងគោលបំណងរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕
ដោយ៖ ង៉ាន់ ទិត្យ




