អនុប្រធានទី២រដ្ឋសភា៖ ការអភិវឌ្ឍសភាអេឡិចត្រូនិក មានវឌ្ឍនភាពគួរឱ្យមោទនៈ និងឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល
ភ្នំពេញ៖ការអភិវឌ្ឍ «សភាអេឡិចត្រូនិក» ឬ e-Parliament នៅតែបន្តបោះជំហានទៅមុខយ៉ាងរលូន និងមានវឌ្ឍនភាពគួរជាទីមោទនៈ ស្របទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យាឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានកត់សម្គាល់ថា ការអភិវឌ្ឍសភាអេឡិចត្រូនិកបានបន្តឈានទៅមុខ និងមានវឌ្ឍនភាពគួរជាទីមោទនៈ ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចប្រធានរដ្ឋសភា ដែលស្របទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះទី៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
សំដៅលើសិក្ខាសាលាដែលត្រូវបានរៀបចំឡើងនេះ ឯកឧត្តម វង សូត បញ្ជាក់ថា ជាឱកាសដ៏មានតម្លៃក្នុងការប្រមូលមតិយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយកទៅពិនិត្យ កែលម្អ និងបំពេញបន្ថែមមុខងាររបស់ប្រព័ន្ធនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់តួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ព្រមទាំងការរៀបចំស្តង់ដាររួមក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីកាត់បន្ថយការងារស្ទួន និងធានាឱ្យការបំពេញការងាររបស់អង្គភាពនីមួយៗកាន់តែរលូន និងស៊ីច្រវាក់គ្នា។
ជាមួយគ្នានេះ ឯកឧត្តម អនុប្រធានទី២ រដ្ឋសភា បានរំលេចពីការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខបច្ចេកវិទ្យា សុវត្ថិភាពព័ត៌មាន និងការបែងចែកឱ្យច្បាស់រវាងព័ត៌មានសាធារណៈ និងព័ត៌មានសម្ងាត់។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍកម្មវិធីទូរសព្ទ និងគេហទំព័រថ្មីរបស់រដ្ឋសភា ឱ្យកាន់តែងាយស្រួលប្រើប្រាស់ ដើម្បីសម្រួលដល់ការផ្សព្វផ្សាយព័ត៌មានផ្លូវការបានត្រឹមត្រូវ ទាន់ពេលវេលា និងពង្រឹងភាពជឿទុកចិត្តរបស់សាធារណជន។
ឯកឧត្តម វង សូត បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍសភាអេឡិចត្រូនិក ត្រូវផ្សារភ្ជាប់ជានិច្ចជាមួយនឹងការវាយតម្លៃលទ្ធផលជាក់ស្តែង ការកែលម្អជាបន្តបន្ទាប់ និងការឆ្លើយតបនឹងមតិយោបល់របស់អ្នកប្រើប្រាស់ ដើម្បីធានាថាប្រព័ន្ធឌីជីថលទាំងនេះ អាចផ្តល់ប្រយោជន៍ពិតប្រាកដ និងគាំទ្រដល់ការបំពេញមុខងារស្នូលរបស់រដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕
អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ












