អ៊ីរ៉ង់ ចំអកបាតុកម្មនៅ បារាំង ថា ដោយសារចូលដៃឈ្លានពាន អ៊ីរ៉ង់ ទើបនាំភ្លើងដុតបំផ្លាញផ្ទះខ្លួនឯង
តេហេរ៉ង់ ៖ ដោយសារតែការចូលដៃជាមួយសហរដ្ឋអាមេរិកមកធ្វើសង្គ្រាមលើអ៊ីរ៉ង់ ទើបបានជាបារាំងផ្ទុះបាតុកម្ម និងកំពុងនាំភ្លើងចូលមកដុតបំផ្លាញដល់មាត់ទ្វារផ្ទះខ្លួនឯងបែបនេះ ។ នេះគឺជាសាររបស់លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ផ្ញើទៅកាន់លោកប្រធានាធិបតី Emmanuel Macron ។
សារផ្ដាំផ្ញើរបស់អ្នកនាំពាក្យក្រសួងបរទេសអ៊ីរ៉ង់កើតមានឡើង បន្ទាប់ពីបារាំងកំពុងផ្ទុះបាតុកម្មទ្រង់ទ្រាយធំ និងជាការរំឭកដល់លោក Macron ក្រោយប្រធានាធិបតីបារាំងរូបនេះបានផ្ញើសារទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក មុនពេលឈ្លានពានលើអ៊ីរ៉ង់ថា «បារាំង និងអាមេរិកអាចធ្វើរឿងធំៗជាច្រើនទាក់ទងនឹងអ៊ីរ៉ង់» ។
លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយថា សកម្មភាពនេះគឺស្មើនឹងការចូលដៃចូលជើង ជាមួយអាមេរិកក្នុងយុទ្ធនាការឈ្លានពានមកលើអ៊ីរ៉ង់ ដែលបច្ចុប្បន្នកំពុងបង្ក ផលវិបាកពាសពេញតំបន់ និងពិភពលោក ។
លោក Baghaei បានព្រមានលោក Macron ថា «ការចូលដៃចូលជើងនេះកំពុងនាំយកអណ្តាតភ្លើងត្រឡប់ទៅដុតបំផ្លាញដល់ផ្ទះប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកវិញហើយ» ។
បើតាម Aljazeera, កាលពីថ្ងៃអាទិត្យ
មនុស្សជិត ២,៤០០ នាក់ត្រូវបានចាប់ខ្លួន ខណៈដែលប៉ូលិស ១ ពាន់នាក់រងរបួស អំឡុងការផ្ទុះបាតុកម្មហិង្សា ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៅបារាំង។
ក្រុមបាតុកម្មដែលដុតបំផ្លាញទីស្នាក់ការរដ្ឋាភិបាល, វាយដុំរថយន្តរបស់កងកម្លាំងប៉ូលិស និង ចូលលួចរបស់របរក្នុងហាងលក់ទំនិញប្រណីតៗ និងផ្សារទំនើបនានា បានអះអាងថា ពួកគេបង្កភាពវឹកវរទាំងនោះ ដោយសារតែមិនពេញចិត្តនឹងការហក់ឡើងនៃថ្លៃចំណាយរស់នៅប្រចាំថ្ងៃ ។
ឆ្លើយតបនឹងរឿងនេះ លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្តេជ្ញាថា ក្រុមអ្នកបង្កភាពវឹកវរទាំងនោះ នឹងត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ពួកគេ ៕
ប្រភព៖ saba_ Aljazeera ប្រែសម្រួល ៖ សារ៉ាត