កូរ៉េខាងជើង ផលិតបានគ្រាប់បាញ់ក្នុងទឹក ប្រើប្រាស់បច្ចេកវិទ្យា AI
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍បានប្រកាសពីការផលិតបាន និងទទួលជោគជ័យទាំងស្រុង ក្នុងការសាកល្បងគ្រាប់បាញ់ក្នុងទឹក ដែលបំពាក់ដោយបច្ចេកវិទ្យា AI ដើម្បីជួយចាប់យកមុខសញ្ញា និងនាំផ្លូវតម្រង់ទៅរកគោលដៅសត្រូវយ៉ាងជាក់លាក់ ។
បើតាមកាសែតកូរ៉េ KCNA, គ្រាប់បាញ់ក្នុងទឹកដែលកូរ៉េខាងជើងសាកល្បងដោយជោគជ័យនោះ គឺជាប្រព័ន្ធគ្រាប់បាញ់ក្នុងទឹកល្បឿនលឿនខ្លាំង និងនាំផ្លូវច្បាស់លាស់ម៉ូដែល «Zam-2.0» ។
ម៉ូដែល Zam-2.0 គឺជាប្រភេទគ្រាប់បាញ់ក្នុងទឹក ខណៈលក្ខណៈពិសេសរបស់ម៉ូដែលនេះគឺបង្កើតពពុះខ្យល់ជុំវិញក្បាលគ្រាប់របស់វា ដើម្បីកាត់បន្ថយសម្ពាធទឹក និងកុំឲ្យសត្រូវចាប់សញ្ញាបាន ។
បើតាម Yonhap, គ្រាប់បាញ់ក្នុងទឹកនេះផលិតឡើងសម្រាប់ដាក់ពង្រាយលើនាវាមុជទឹក ហើយវាមានសមត្ថភាពកំណត់គោលដៅលើនាវាចម្បាំងធំៗនៅលើផ្ទៃទឹក ហើយពិបាកក្នុងការរកឃើញ ឬស្ទាក់ចាប់ ។
អ្នកជំនាញនិយាយថា ការធ្វើតេស្តនេះ គឺដើម្បីផ្ទៀងផ្ទាត់ប្រព័ន្ធជំរុញរបស់អាវុធ និងឧបករណ៍រុញច្រានដោយរ៉ុក្តែត ដែលត្រូវបានអភិវឌ្ឍតាមរយៈការសាកល្បងជាង ១៨០ លើក ក្នុងពេល ៥ ឆ្នាំ ។
ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ប្រព័ន្ធជំរុញចលនារបស់វាមានការរីកចម្រើន និងជួយបង្កើនសមត្ថភាពប្រយុទ្ធឱ្យកាន់តែខ្លាំងក្លាថែមទៀត ។
បើតាម AP, ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើងបានបង្កើនសកម្មភាពបង្អួតអាវុធទំនើបៗរបស់ខ្លួន រួមទាំងការធ្វើតេស្តបាញ់មីស៊ីលក្រោមទឹកជាលើកដំបូងក្នុងរយៈពេលជិត ៣ ឆ្នាំមកនេះ ។
ការសាកល្បងជាបន្តបន្ទាប់នេះក៏បង្ហាញផងដែរថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un បានបង្វែរការយកចិត្តទុកដាក់ទៅលើការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ក្រោយចំណាយពេលជាច្រើនឆ្នាំផ្តល់អាទិភាពចម្បងតែលើការអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ៕
ប្រភព ៖ Associated Press ប្រែសម្រួល ៖ ឈឹម ទីណា