កម្ពុជាប្តេជ្ញាលើកកម្ពស់ថាមពលស្អាត និងចីរភាព ក្នុងទិវាស្តង់ដាពិភពលោក

ភ្នំពេញ៖កម្ពុជាបានប្រារព្ធទិវាស្តង់ដាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុន៖ គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧  ថាមពលស្អាត និងទ្រទ្រង់បាន»។ការរៀបចំពិធីនេះឡើងដើម្បីបង្ហាញការគាំទ្រគោលដៅថាមពលស្អាត និងទ្រទ្រង់បានសម្រាប់មនុស្សគ្រប់រូប។
​  
ថ្លែងក្នុងពិធីបើកទិវាស្តង់ដាពិភពលោក ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដាជាតិ បានលើកឡើងថា៖ “យើងត្រូវបង្វែរការអបអរសាទរទិវាស្តង់ដាពិភពលោកឆ្នាំ២០២៦ នេះ ឱ្យទៅជាកម្លាំងចលករ និងយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹង​ប្រព័ន្ធ​ផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផល និងសេវាកម្មរបស់យើងឱ្យឆ្លើយ​តបទៅនឹង​តម្រូវការ​ទីផ្សារ ជាពិសេសទីផ្សារនាំចេញដែលកម្ពុជាមានសក្តានុពលក្នុងការពង្រីក និងចូលរួមប្រកួតប្រជែង”។
 
ឯកឧត្តមបានរំលេចថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតលើការធានាឱ្យមនុស្សគ្រប់រូបទទួលបានថាមពលដែលមាន​តម្លៃ​សមរម្យ អាចទុកចិត្តបាន មានចីរភាព និងទំនើប ការបង្កើនចំណែកថាមពលកកើតឡើងវិញ និងការបង្កើនប្រសិទ្ធភាពថាមពលជាសកល​ទ្វេដងត្រឹមឆ្នាំ២០៣០។
 
អង្គការស្តង់ដាអន្តរជាតិ រួមមាន ISO, IEC និង ITU បានគាំទ្រគោលដៅនេះតាមរយៈស្តង់ដាសម្រាប់ការគ្រប់គ្រងថាមពល សុវត្ថិភាព​បរិក្ខារ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថាមពល។ ស្តង់ដាទាំងនេះកំណត់លក្ខខណ្ឌបច្ចេកទេសសម្រាប់បរិក្ខារ ដូចជាបន្ទះសូឡា ប្រព័ន្ធផ្ទុកថាមពលដោយថ្ម និងឧបករណ៍សាកយានយន្តអគ្គិសនី ព្រមទាំងជួយរោងចក្រ និងសហគ្រាសកាត់បន្ថយការខ្ជះខ្ជាយ​ថាមពល​ក្នុងផលិតកម្ម។
 
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមថា៖ “ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គឺជាកិច្ចការចាំបាច់បំផុត។”ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តពិសោធន៍ ជួយឱ្យផលិតករ និងសេវាករ បំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ និងបង្កើនទំនុកចិត្តលើផលិតផល និងសេវាកម្ម​របស់កម្ពុជា។
 
បើតាមការបញ្ជាក់ពី ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដាកម្ពុជាឱ្យដឹងដែរថា កម្ពុជាបានចាប់ផ្តើមអភិវឌ្ឍស្តង់ដា​ជាតិនៅចុង​ឆ្នាំ១៩៩៩ និងបានដាក់ចេញស្តង់ដាជាតិដំបូងស្តីពីស្លាកសញ្ញាផលិតផលនៅឆ្នាំ២០០០។ ក្នុងឆ្នាំ២០២៦ ស្តង់ដាកម្ពុជាចំនួន ១០៦ ត្រូវបានអនុម័តហើយរហូតមកដល់ពេលនេះកម្ពុជាមានស្តង់ដាជាតិចំនួន ១.៣០៩ រួមទាំងស្តង់ដារពាក់ព័ន្ធនឹងថាមពលអគ្គិសនី។


 ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner