រុស្ស៊ីប្រកាសមិនបោះបង់ អ៊ីរ៉ង់ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកក៏ដោយ
តេហេរ៉ង់ ៖ ទីក្រុងមូស្គូនឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងសេដ្ឋកិច្ច ជាមួយអ៊ីរ៉ង់នោះទេ បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកក៏ដោយ។ នេះគឺជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និង ចេញផ្សាយដោយ Tass កាលពីថ្ងៃចន្ទ។
លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុងតេហេរ៉ង់ថា «ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលត្រូវបានលើកឡើង ជាញឹកញាប់ កន្លងមកនេះ ក៏ដោយ ក៏ រុស្ស៊ីមិនមានបំណងបោះបង់ចោលការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងការវិនិយោគ ជាមួយអ៊ីរ៉ង់នោះឡើយ»។
ដើម្បីបញ្ជាក់បន្ថែម លើចំណុចនេះ, លោក Sergey Lavrov បានកត់សម្គាល់ថា «អ្នកជំនាញរុស្ស៊ីកំពុងវិលត្រឡប់ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ជាបណ្តើរៗ»។
លោកបានបន្ថែមថា «មានឱកាសល្អៗជាច្រើន នៅក្នុងវិស័យនៃការទាញយក និងដឹកជញ្ជូនធនធានអ៊ីដ្រូកាបូន (ប្រេង និងឧស្ម័ន)។ ក្រុមហ៊ុនម៉ៅការរបស់រុស្ស៊ីកំពុងបន្តការសិក្សាបច្ចេកទេសតាមបណ្តោយផ្លូវនៃគម្រោងផ្លូវដែក Rasht-Astara នាពេលអនាគត ហើយនឹងចាប់ផ្តើមការសាងសង់ភ្លាមៗ នៅពេលដែលភាគីអ៊ីរ៉ង់បញ្ចប់ការរៀបចំឯកសារចាំបាច់នានា»។
លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ខណៈដែលទីក្រុងមូស្គូ ត្រូវបានគេដឹងថា កំពុងព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួល៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត