បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូ បុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត lexus មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូ បុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦១ កែងនឹងផ្លូវ ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី ៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត lexus rx330 គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AY-1272ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦១ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលមកផ្លូវ ២០៤បានបន្តិចក៏មានម៉ូតូមួយគ្រឿងម៉ាកវ៉េសស៉្បាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IG-0913ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងចាប់ហ្វ្រាំង មិនទាន់ជ្រុលទៅបុករថយន្តខាងមុខផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគី ទាំងសងខាងធ្វើការសម្របសម្រួលគ្នារយៈពេលជិតកន្លះម៉ោងនៅមិនត្រូវគ្នាទើប សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោក រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕




