លោកស្នងការខេត្តកណ្តាល បញ្ជារឲ្យស្នងការរង៤រូប និងអធិការក្រុងតាខ្មៅ ចុះស្រាវជ្រាវ ករណីបែកធ្លាយខិត្តប័ណ្ណជាច្រើនសន្លឹក បានហែកកេរ្តិ៍លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាបន្ទាន់
កណ្តាល៖ មុននេះបន្តិចលោកឧត្តមសេនីយ៌ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់តាមប្រព័ន្ធអេឡេត្រូនិច TeLegrame អោយដឹងថា៖ លោកបានចាត់តាំងលោកស្នងការរងធនធាន លោកស្នងការរងទទួលក្រុងតាខ្មៅ លោកស្នងការរងទទួលកិច្ចការប៉ុស្តិ៍លោកស្នងការរងទទួលការងារអ្នកនាំពាក្យ លោកអធិការក្រុងតាខ្មៅ អោយចុះស្រាវជ្រាវ ពិនិត្យរឿងនេះបន្ទាន់។
រំលឹកដែរថា៖ កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានខិត្តប័ណ្ឌជាច្រើនសន្លឹកត្រូវបានបោះចោល ពាសវាលពាសកាលពេញផ្លូវ២១A ពីភូមិសិត្បូដល់ភូមិព្រែកត្រែង ដោយបានហែកកេរ្តិ៍ខ្ទេចខ្ទីចំពោះលោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ។ ជុំវិញបញ្ហានេះដែរ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានប្រាប់អោយដឹងថា លោកនឹងចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីស៊ើបអង្កេតករណីនេះ តើលោកមេប៉ុស្តិ៍សិត្បូ មានបញ្ហាដូចការចោទប្រកាន់ដែរឬទេ ? ។
ក្នុងខិត្តប័ណ្ណជាច្រើនសន្លឹក បានហែកកេរ្តិ៍លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាច្រើនចំណុចដូចជា ៖
-មេប៉ុស្តិ៍សង្កាត់សិត្បូ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាជន ។
-មិនសូវមកកន្លែងធ្វើការ បើចង់ប្តឹងទាល់តែណាត់មុនសិន ។
-មិនចេះដឹកនាំកូនចៅធ្វើការ ។ កូនចៅបែងចែកបក្ខពួកគ្មានការសហការគ្នា ធ្វើអោយប្រជាជនលំបាកក្នុងការសាកសួរព័ត៌មាន ព្រោះមួយរុញទៅមួយ ។
-ពេលប្រជាជនមានរឿងខលមិនដែលលើក ថ្នាំញៀនរីករាលដាលស្ទើរពេញភូមិ ចោរគាស់ផ្ទះ លួចលុយមាសប្រាក់ គាស់កុដិលោក ក៏មិនខ្វល់ ។
-ចូលចិត្តដោះស្រាយរឿងថ្នាំញៀនក្រៅប្រព័ន្ធ ចាប់យកលុយហើយលែងវិញ ។
-ម៉ូតូបាត់រាប់ភ្លេច អសមត្ថភាព រហូតដល់បាត់ម៉ូតូ ប្រជាជនលែងប្តឹង ។
-កាន់តែហួសចិត្តនោះ គឺ ដើរយកលុយពីវង់ល្បែងមិនញញើតដៃ ។
-ទទួលបណ្តឹងរើសមុខ ចូលចិត្តដើររកតែកន្លែងស៊ីផឹក ។ ប្រជាជនមិនពេញចិត្តស្ទើរពេញសង្កាត់ ។
ចុងក្រោយមានការចោទប្រកាន់ ធ្ងន់ៗថា «និយាយតែរឿងលុយ មេប៉ុស្តិ៍មុខលុយ សូមថ្នាក់លើជួយដកមេប៉ុស្តិ៍ចង្រៃនេះ ចេញពីសង្កាត់សិត្បូ ទៅ» ៕




