លោកជំទាវ ម៉ែន សំអន ជំរុញឲ្យកម្លាំងប្រដាប់អាវុធពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ឲ្យបានល្អប្រសើរនាឱកាសបុណ្យចូលឆ្នាំ
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម។
ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងពេលលោកជំទាវអញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣គ.ស២០១៩ ដែលមានទេវតាព្រះនាមធុង្សៈទេវី។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីមន្ត្រីរាជការស្រុក-ក្រុងទាំងអស់ ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត ភ្ញៀវវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ នាសាលប្រជុំធំសាលាខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើ និងសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់បងប្អូនមន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង និងភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួមជូនពរឆ្នាំថ្មីនេះផងដែរ។ លោកជំទាវបានថ្លែងទៀតថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យមួយកម្រិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៩ធានាបានសេដ្ឋកិច្ចកាន់តែល្អប្រសើរ គិតគូរសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការឲ្យមានជីវភាពសមរម្យ។
លោកជំទាវបានបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យហើយការជួបជុំជូនពរក្នុងកម្មវិធីចូលឆ្នាំថ្មីនេះវាជាប្រពៃណីដ៏យូមកហើយរវាងខេត្តស្វាយរៀង ឡុងអាន តៃនិញ ក្នុងការជូនពរចូលឆ្នាំថ្មីគ្នាទៅវិញទៅមក ហើយមិនត្រឹមបានញ៉ាំងឲ្យមានបរិយាកាសមានភាពអធិកអធមប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់នូវទំនាក់ទំនងជាមិត្តភាព ប្រកបដោយសាមគ្គីភាព ភាតរភាព រវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ហើយបានជួយគ្នាទៅវិញទៅមកទាំងវិស័យសេដ្ឋកិច្ចនិងសហប្រតិបត្តិយ៉ាងល្អនាពេលកន្លងមក។
លោកជំទាវ ម៉ែន សំអន បានលើកឡើងទៀតថា «រាជរដ្ឋាភិបាល បានកៀរគរអ្នកវិនិយោគក្នុង និងក្រៅប្រទេសមកបណ្តាក់ទន់រកស៊ីដូចជា ខេត្តស្វាយរៀងយើងនេះ មានរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករ និយោជិកបានជាច្រើនម៉ឺននាក់ និងបានកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋហើយក៏បានកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ»។
លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងឲ្យបានច្រើនកុះករ ហើយត្រូវប្រុងប្រយត្ន័អគ្គិភ័យដែលកើតឡើងជាយថាហេតុ និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទ។
សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃកម្មវិធីក៏ មានជូនបាច់ផ្កា និងកាដូឆ្នាំថ្មីជូនគ្នាទៅវិញទៅមក និងពិសាអាហារសាមគ្គីយ៉ាងសប្បាយរីករាយផងដែរ៕ធ.ដ