ណាតូ ប្រកាសដាក់ពង្រាយកងកម្លាំងបន្ថែមទៅការពារនាវា នៅសមុទ្រខ្មៅ
បរទេស ៖ អង្គការយោធាអន្តរជាតិ ណាតូ ប្រកាសដាក់ពង្រាយកងកម្លាំងបន្ថែមទៅការពារនាវានានា នៅក្នុងតំបន់សមុទ្រខ្មៅ។ នេះបើតាមអ្នកនាំពាក្យ របស់អង្គការណាតូ លោកស្រី Allison Hart ដែលបានលើកឡើង នៅក្នុងសារមួយ បង្ហោះលើបណ្តាញសង្គម X នៅថ្ងៃពុធនេះ។
បើតាមលោកស្រី, ការសម្រេចនេះ ធ្វើឡើង ស្របពេលដែល ណាតូ ដែល បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីសន្តិសុខនៅសមុទ្រខ្មៅ។
លោកស្រី Hart បានបញ្ជាក់ថា អង្គការណាតូកំពុងពង្រឹងជំហររបស់ខ្លួននៅផ្នែកខាងកើត រួមទាំងសមត្ថភាពក្នុងការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក ហើយសម្ព័ន្ធភាពនេះនឹងដាក់ពង្រាយកម្លាំងបន្ថែមទៅកាន់តំបន់នោះ ដែលរួមមានផ្នែកឃ្លាំមើល ការឈ្លបយកការណ៍ និងការគាំទ្រដល់ការស៊ើបអង្កេតតាមបច្ចេកទេស។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា «យើងនឹងបន្តសកម្មភាពដោយភាពឯកភាពគ្នា ដោយធានាថា ពួកយើងត្រៀមខ្លួនរួចរាល់ និងមានសមត្ថភាពក្នុងការប្រឈមមុខនឹងរាល់ការគំរាមកំហែង ព្រមទាំង ធានាសុវត្ថិភាពសម្រាប់ប្រជាជនចំនួន ១ ពាន់លាននាក់របស់យើង»។
បើតាម anadolu , ការវាយប្រហារទៅលើនាវាពាណិជ្ជកម្មបានកើតឡើង នៅក្នុងសមុទ្រខ្មៅ អស់រយៈពេលមួយរយៈមកហើយ។
កាលពីថ្ងៃទី១៣ ខែតុលា, នាវាចំនួន ២ គ្រឿងត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯដែនសមុទ្រក្បែរឆ្នេរសមុទ្រ ប្រទេសប៊ុលហ្គារី ក្នុងសមុទ្រខ្មៅ ដែលបណ្តាលឱ្យនាវាមួយគ្រឿងបានលិច។
ថ្មីៗនេះ នាវាពាណិជ្ជកម្មចំនួន ២ គ្រឿង ដែលមានទង់ជាតិប្រទេសសាន់ម៉ារីណូ និងប្រទេសកូម៉ូរ៉ូស ក៏ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯដែនសមុទ្រក្បែរឆ្នេរប្រទេសរូម៉ានី ក្នុងសមុទ្រខ្មៅផងដែរ។
ទាក់ទងនឹងហេតុការណ៍នេះ មានសេចក្តីរាយការណ៍ថា ក្នុងចំណោមសមាជិកនាវិកចំនួន ១២ នាក់នៅលើនាវា ដែលប្រើទង់ជាតិសាន់ម៉ារីណូ មាន ៥ នាក់ត្រូវបានជួយសង្គ្រោះ ខណៈ ៧ នាក់ទៀតនៅបាត់ខ្លួន។ ចំណែកឯនាវិកនៅលើនាវាដែលប្រើទង់ជាតិកូម៉ូរ៉ូសវិញ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព៕
ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត