លោក ត្រាំ ជំរុញលោក ហ្សេឡេនស្គី ប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានជំរុញឱ្យលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រញាប់ឈានដល់កិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី ដោយលើកហេតុផលថា ប្រជាជនអ៊ុយក្រែន មិនអាចទ្រាំទ្រនឹងសង្គ្រាមនេះ តទៅទៀត។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «យើងចង់ឱ្យលោក ហ្សេឡេនស្គី ឈានដល់កិច្ចព្រមព្រៀង។ គាត់អាចធ្វើបាន។ តាមពិតទៅ គាត់អាចធ្វើកិច្ចព្រមព្រៀងនេះ តាំងពី ២ ឆ្នាំមុនម្ល៉េះ នៅពេលដែលយើងបានជជែកគ្នាបន្តិចបន្តួច នៅក្នុងបន្ទប់ Oval Office »។
លោក ត្រាំ បាននិយាយទៀតថា «គាត់ចាំបាច់ត្រូវតែចង់ឈានដល់កិច្ចព្រមព្រៀង ព្រោះខ្ញុំមិនគិតថា ប្រជាជនរបស់គាត់នឹងអាចទ្រាំទ្រតទៅទៀតបាននោះទេ»។
បើតាម CNA, ការជំរុញនេះបានធ្វើឡើង ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដុនដាប ចាប់តាំងពីលោក ត្រាំ បានដកទណ្ឌកម្មមួយចំនួន ដើម្បីឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូត ជាមួយលោក ពូទីន ព្រមទាំង បានរិះគន់លោក ហ្សេឡេនស្គី ថា ជាអ្នកបង្កសង្គ្រាម ដោយសារតែអ៊ុយក្រែនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។
យ៉ាងណាមិញ, កាលពីថ្ងៃអង្គារ មេដឹកនាំអ៊ុយក្រែនរូបនេះបានជួបជាមួយលោក Steve Witkoff ដែលជាបេសកជនរបស់លោក ត្រាំ នៅទីក្រុងអូស្លូ ដើម្បីពិភាក្សាគ្នា ដោយមានគោលបំណងកាត់បន្ថយភាពតានតឹង៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត