កូរ៉េខាងត្បូងសម្រុកដកមន្ត្រីទូតរបស់ខ្លួនចេញពីអ៊ុយក្រែន
សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងត្បូងប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងដកបុគ្គលិកស្ថានទូតបន្ថែមទៀត ចេញពីអ៊ុយក្រែន ពោលគឺនៅរយៈពេលជាង១សប្តាហ៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងកៀវ បានត្រឡប់មកមាតុប្រទេសវិញ។
លោក Park Doo-soon អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា ដោយសារតែ «ការគំរាមកំហែងឥតឈប់ឈរនៃការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេស ដែលធ្វើឱ្យការធានាសុវត្ថិភាពរបស់បុគ្គលិកជួបការលំបាក រដ្ឋាភិបាលបានសម្រេចចិត្តដកបុគ្គលិកការទូតមួយចំនួនចេញ»។
យ៉ាងណា, ការវិលត្រឡប់ទាំងនេះ កើតមានឡើងក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទម្លាយព័ត៌មាន កាលពីខែមុន អំពីការបញ្ជូនឈ្លើយសឹកទាំងនោះ ដែលទីក្រុងសេអ៊ូលលើកឡើងថា បានធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើង ធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។
កូរ៉េខាងត្បូងបានទាមទារឱ្យមានការសុំទោសជាផ្លូវការ ចំពោះការទម្លាយព័ត៌មានអំពីឈ្លើយសឹកទាំងនោះ។
កន្លងមក ទីក្រុងសេអ៊ូលក៏បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកូរ៉េខាងត្បូងមកសាកសួរ និងបានព្រមានអំពី «វិធានការបន្ថែម» ផ្សេងទៀត ដោយមិនបានបញ្ជាក់លម្អិតថាជាវិធានការអ្វី។
ភាគីអ៊ុយក្រែនបានអះអាងថា នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ «ការទូតត្រូវតែមានអាទិភាពជាងអារម្មណ៍ផ្ទាល់ខ្លួន» ហើយពួកគេចាត់ទុកថា «បញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ»។
កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បានឱ្យដឹងថា អ៊ុយក្រែនបានផ្ញើសារមួយមក ដែល «មានពាក្យសម្តីសុំទោស» ពាក់ព័ន្ធនឹងការទម្លាយព័ត៌មានរបស់លោក Zelenskyy ប៉ុន្តែ សារនោះនៅមិនទាន់ដល់ «កម្រិត» ដែលទីក្រុងសេអ៊ូលរំពឹងទុកនោះទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត