រដ្ឋបាលខេត្តតាកែវ ពន្លឿនការកែលម្អសួនច្បារមាត់បឹង និងគម្រោងសាងសង់ប្រាសាទសិរីវិជ័យ
រដ្ឋបាលខេត្តតាកែវ កំពុងពន្លឿនការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ និងតំបន់មាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ដើម្បីលើកកម្ពស់សោភណភាពបរិស្ថាន និងប្រែក្លាយទីតាំងនេះឱ្យទៅជាកន្លែងកម្សាន្ត និងហាត់ប្រាណដ៏ទាក់ទាញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏មានគម្រោងសាងសង់ «ប្រាសាទសិរីវិជ័យ» នៅកណ្តាលបឹង ដើម្បីរំឭកដល់ប្រវត្តិសាស្ត្រ និងបង្កើនសក្តានុពលទេសចរណ៍វប្បធម៌ផងដែរ។
ខណៈនេះគម្រោងជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ព្រមទាំងតំបន់មាត់បឹងតាកែវ ក្នុងក្រុងដូនកែវ កំពុងដំណើរការយ៉ាងសកម្ម ដើម្បីប្រែក្លាយទីតាំងនេះឱ្យទៅជាកន្លែងកម្សាន្ត ហាត់ប្រាណ និងសម្រាកលម្ហែកាយដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ប្រាប់បណ្តាញសារព័ត៌មាន AMS តាមប្រព័ន្ធតេឡេក្រាមកាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានឱ្យដឹងថា ស្របតាមណែនាំរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ គម្រោងនេះមិនត្រឹមតែផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសួនច្បារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការស្តារផ្ទៃបឹង និងការសាងសង់វេទិកាសម្រាប់ប្រារព្ធពិធីប្រណាំងទូកផងដែរ។បន្ថែមពីនេះ អាជ្ញាធរខេត្តក៏បានរៀបចំគម្រោងសាងសង់ «ប្រាសាទសិរីពិជ័យ» នៅផ្នែកខាងត្បូងនៃទីទួលប្រាសាទចាស់ ដោយរក្សាប្រាសាទចាស់ទុកជាទីតាំងអភិរក្ស។លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖
លោកប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា គម្រោងសាងសង់ប្រាសាទថ្មីនេះ គ្រោងចំណាយថវិកាប្រមាណជាង ១លានដុល្លារអាម៉េរិក ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន ហើយការដ្ឋានគ្រោងនឹងចាប់ផ្តើមបុកគ្រឹះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។
ប្រាសាទសិរីវិជ័យ នឹងត្រូវសាងសង់ឡើងអំពីបេតុងអាមេ តុបតែង និងក្រាលលម្អដោយថ្មភក់យ៉ាងផ្ចិតផ្ចង់ មានរាងចតុកោណកែង បណ្តោយ ៦.៥៦ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្ពស់ ៩ ម៉ែត្រ ដោយមានដំបូលជ្រុងក្រឡូម និងកំពូលរាងក្រពុំឈូក តាមរចនាបថស្ថាបត្យកម្មបុរាណ។
ការសាងសង់ប្រាសាទនេះឡើងនៅកណ្តាលបឹងតាកែវ គឺដើម្បីរំឭកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃអតីតអាណាចក្រខ្មែរព្រមទាំងបង្កើតជាមរតកវប្បធម៌ និងលើកកម្ពស់តម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ខេត្តតាកែវឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ជាវ ចន្ធូ




