វិធានការស្ដារទំនុកចិត្តរវាងកម្ពុជា-ថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី តែទាមទារឱ្យភាគីទាំងពីរមានឆន្ទៈរួម

វិធានការស្ដារទំនុកចិត្តរវាងកម្ពុជា-ថៃ ដែលដាក់ចេញដោយគណៈកម្មការផ្សះផ្សា គឺជាជំហានវិជ្ជមានឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែនសមុទ្រដោយសន្តិវិធី ប៉ុន្តែវាទាមទារឱ្យភាគីទាំងពីរមានឆន្ទៈរួម។

ក្រោមការសម្រុះសម្រួលចំនួនពីរលើករបស់គណៈកម្មការផ្សះផ្សា ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើសំណុំវិធានការដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងមិត្តភាព។

ក្រុមអ្នកវិភាគសាទរចំពោះការវិវឌ្ឍនៃដំណើរការផ្សះផ្សារនេះ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា យល់ឃើញថា ការស្ដារទំនុកចិត្តឡើងវិញ ទាំងក្នុងវិស័យការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺអាចធ្វើទៅបាន ប្រសិនបើភាគីទាំងពីរមានឆន្ទៈរួមគ្នា ហើយប្រជាជននៃប្រទេសទាំងពីរមានការយោគយល់គ្នា និងមើលឃើញពីសារៈសំខាន់នៃការរស់នៅជាអ្នកជិតខាងល្អ ព្រមទាំងអត្ថប្រយោជន៍នៃការបន្តធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាឡើងវិញ។

ចំណែកលោកបណ្ឌិត ថុង ម៉េងដេវីត អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានកត់សម្គាល់ឃើញថា ជំនួបលើកទី២ នៃគណៈកម្មការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS នៅទីក្រុងឡាអេ គឺជាជំហានការទូតដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងពង្រឹងទំនុកចិត្តរវាងកម្ពុជា និងថៃ។

សមិទ្ធផលគន្លឹះដ៏ធំបំផុតនៃជំនួបនេះ គឺការឈានទៅដល់កិច្ចព្រមព្រៀងលើវិធានការកសាងទំនុកចិត្ត ដោយបានបញ្ចូលនូវសំណើរបស់កម្ពុជា ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការស្វែងរកដំណោះស្រាយ និងបង្ការការឡើងកម្តៅស្ថានការណ៍។

សម្រាប់បណ្ឌិត ថុង ម៉េងដេវីត ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ និងយន្តការផ្សះផ្សាបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ នយោបាយ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធី តម្លាភាព និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងប្រយោជន៍រួមនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្រោយកិច្ចប្រជុំលើកទី២ ដែលធ្វើនៅទីក្រុងឡាអេ ប្រទេសហូឡង់ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕

ខន ណារី AMS

ads banner