អាមេរិក បញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលមួយចំនួនចាកចេញពី អារ៉ាប៊ីសាអូឌីត បន្ទាន់ ខណៈក្រុមហ៊ូធីសម្រុកវាយប្រហារខ្លាំងឡើង

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ បានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលដែលមិនបំពេញភារកិច្ចចាំបាច់ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតជាបន្ទាន់ ខណៈដែលក្រុមប្រដាប់អាវុធហ៊ូធីបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង ។

បើតាមស៊ីនហួរ, អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានបញ្ជាក់តាមបណ្តាញសង្គម X ថា ការបញ្ជាឱ្យចាកចេញនេះ អនុវត្តតែចំពោះបុគ្គលិករដ្ឋាភិបាលអាមេរិកនៅអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ មិនមែនប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ។

ការបញ្ជានេះកើតឡើង ចំពេលដែលស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាសន្តិសុខកាលពីថ្ងៃ ពុធ ផងដែរ ដោយព្រមានធ្ងន់ៗអំពីលទ្ធភាពកើតមានការវាយប្រហារបន្ថែមទៀត ។

វិធានការនេះត្រូវបានធ្វើឡើង ចំពេលក្រុមឧទ្ទាមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកបានបង្កើនការវាយប្រហារឥតដកដៃប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត មានដូចជាការវាយប្រហារលើព្រលានយន្តហោះស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរងគ្រោះ ក៏ដូចជាបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ ។

បច្ចុប្បន្ន អារ៉ាប៊ីសាអូឌីតស្ថិតក្រោមការណែនាំស្តីពីការធ្វើដំណើររបស់សហរដ្ឋអាមេរិកក្នុងកម្រិតទី៣ ដែលជាកម្រិតជំរុញឱ្យពលរដ្ឋអាមេរិកពិចារណាឡើងវិញមុនធ្វើដំណើរទៅកាន់ប្រទេសស្តេងប្រេងមួយនេះ ដោយសារហានិភ័យនានា រួមមានការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីល ជម្លោះប្រដាប់អាវុធ និងអំពើភេរវកម្ម ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner