លោក ហ្សេលេនស្គី ប្រកាសគាំទ្របទឈប់បាញ់ និងកិច្ចចរចាត្រីភាគីរវាង អ៊ុយក្រែន អាមេរិក និងរុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ ប្រកាសគាំទ្រការឈានទៅរកបទឈប់បាញ់ និងការរៀបចំកិច្ចចរចាត្រីភាគីរវាងមេដឹកនាំអ៊ុយក្រែន អាមេរិក និងរុស្ស៊ី ។

បើតាម The Star, លោក ហ្សេលេនស្គី ក៏បានបង្ហាញក្តីសង្ឃឹមថា ការពិភាក្សារវាងបេសកជនពិសេសអាមេរិក លោក ស្ទីវ វីតខូហ្វ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ នឹងទទួលបានលទ្ធផលវិជ្ជមាន ។

ក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ហ្សេលេនស្គី អះអាងថា កិច្ចពិភាក្សារបស់លោកជាមួយលោក វីតខូហ្វ ប្រទេសន័រវែស នាពេលថ្មីៗនេះ មានលក្ខណៈស្ថាបនា ហើយអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាការទូតស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម ។

ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនរូបនេះសង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ លោកនឹងទទួលបានលទ្ធផលវិជ្ជមាន ដោយសំដៅលើជំនួបរវាងលោក វីតខូហ្វ និងលោក ពូទីន ។

យ៉ាងណា លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា អាទិភាពសំខាន់ពេលនេះ គឺបញ្ឈប់ការប្រយុទ្ធគ្នា និងបន្តទៅរកដំណោះស្រាយតាមរយៈការទូត ដែលត្រូវរួមបញ្ចូលទាំងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានសម្តែងការគាំទ្រចំពោះការអំពាវនាវរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យមានបទឈប់បាញ់ផងដែរ ប៉ុន្តែលោកបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែនតែងតែបើកចំហចំពោះការចរចា ហើយរាល់កិច្ចព្រមព្រៀងណាមួយត្រូវតែមានការចូលរួមពីអ៊ុយក្រែន ៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner