រុស្ស៊ី ចាប់ផ្តើមដឹកប្រេងម៉ាស៊ូតឲ្យអាមេរិក ក្រោយព្រមព្រៀងទិញលក់ ជាមួយ លោក ត្រាំ

មូស្គូ ៖ រុស្ស៊ីនឹងបញ្ជូននាវាដឹកប្រេងម៉ាស៊ូតលើកដំបូងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលានេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងជួញដូរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak និង ចេញផ្សាយដោយសារព័ត៌មាន Vedomosti ។

លោក Novak បាននិយាយ កាលពីថ្ងៃពុធថា នាវានេះនឹងដឹកប្រេងចំនួន៤ម៉ឺនតោន។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ឈ្មោះកំពង់ផែ ដែលនឹងត្រូវដឹកជញ្ជូនចេញនោះទេ។

លោករៀបរាប់ទៀតថា នឹងមានការដឹកជញ្ជូនបន្ថែមទៀត ហើយ តាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងមេដឹកនាំទាំងពីរ, រុស្ស៊ីនឹងបំពេញតម្រូវការរបស់សហរដ្ឋអាមេរិក តាមលទ្ធភាពដែលយើងអាចធ្វើបាន។

លោក ត្រាំ បាននិយាយថា រុស្ស៊ីនឹងនាំចេញប្រេងចំនួន ៣០ម៉ឺនតោន ឬ ២,២៥ លានបារ៉ែល ភ្លាមៗ។ បន្ទាប់មក នឹងមានការនាំចេញចំនួន ៥០ម៉ឺនតោនទៀត នៅក្នុងខែវិច្ឆិកា និង ១ លានតោនទៀត ភ្លាមៗបន្ទាប់ពីនោះ។

បើតាម CNA, រុស្ស៊ីបានដកចេញនូវការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតដែលខ្លួនបានដាក់ចេញ កាលពីថ្ងៃទី៩ ខែតុលា។ ការហាមឃាត់នេះ ត្រូវបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហាខ្វះខាតក្នុងស្រុក ដែលបង្កឡើងដោយការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង។

ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីបានសម្រេចកិច្ចព្រមព្រៀងជាមួយលោក ដូណាល់ ត្រាំ ក្នុងការផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅកាន់ទីផ្សារសកល។

ជាមួយនឹងការផ្គត់ផ្គង់ពីរុស្ស៊ី, សហរដ្ឋអាមេរិកត្រូវបានគេដឹងថា នាំចេញប្រេងម៉ាស៊ូតប្រហែល ១លាន៥សែនបារ៉ែល នៅក្នុងមួយថ្ងៃ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner