ប្អូនស្រី លោក គីម ជុងអ៊ុន ប្រាប់កងទ័ពឲ្យប្រុងជើងការ តាមព្រំដែនជាប់កូរ៉េខាងត្បូង

ព្យុងយ៉ាង ៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គឺ លោកស្រី គីម យ៉ូជុង កាលពីថ្ងៃពុធ បានប្រាប់ឲ្យកងទ័ពទីក្រុងព្យុងយ៉ាង ប្រុងជើងការនៅតាមបណ្តោយព្រំដែន ត្រៀមប្រឆាំងទប់ទល់នឹងកូរ៉េខាងត្បូង។

បន្ទាប់ពីបានចុះពិនិត្យទីតាំងការពារព្រំដែន ជាមួយមន្ត្រីយោធាជាន់ខ្ពស់, ប្អូនស្រីរបស់លោក គីម ជុងអ៊ុន រូបនេះ អះអាងថា កូរ៉េខាងជើងនឹងដាក់ឧបករណ៍បំពងសំឡេងសម្រាប់ប្រឆាំងនឹងកូរ៉េខាងត្បូងឱ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួន នៅតាមបណ្តោយព្រំដែនទាំងមូល ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោកស្រីក៏បានដាក់វិធានការតបតថ្មីៗ ឱ្យស្ថិតក្នុងកម្រិតត្រៀមប្រុងជើងការផងដែរ ដោយព្រមានទីក្រុងសេអ៊ូលថា នឹងជួបប្រទះនូវ ស្ថានភាពដ៏អាក្រក់បំផុត និងគួរឱ្យឈឺចាប់បំផុត ប្រសិនបើនៅតែបន្តអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជា ការជ្រៀតជ្រែក។

លោកស្រី គីម យ៉ូជុង រៀបរាប់ថា «វិធានការតបតថ្មីរបស់យើងមានន័យថា កងកម្លាំងនឹងត្រៀមខ្លួនបំពេញភារកិច្ចនៅតាមបណ្តោយព្រំដែនភាគខាងត្បូងទាំងមូល ហើយឧបករណ៍បំពងសំឡេងដែលប្រើប្រាស់ប្រឆាំងនឹងសាធារណរដ្ឋកូរ៉េ នឹងត្រូវដាក់ឱ្យត្រៀមដំណើរការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។

បើតាម CNA, ភាពតានតឹង បានកើតឡើង ក្រោយពេលកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានដាក់មីនបណ្តាលឱ្យទាហានកូរ៉េខាងត្បូងរងរបួស និងបានស្នើកុំឱ្យបង្កើនភាពតានតឹងតាមរយៈការផ្សាយសំឡេងតាមឧបករណ៍បំពងសំឡេង។

កូរ៉េខាងត្បូងអះអាងថា មីនរបស់កូរ៉េខាងជើងគឺជាមូលហេតុនៃហេតុការណ៍ផ្ទុះមួយ នៅតាមព្រំដែន កាលពីខែមុន ដែលបណ្តាលឱ្យទាហានពីរនាក់រងរបួសធ្ងន់។

យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានបដិសេធការទទួលខុសត្រូវ ដោយចាត់ទុកហេតុការណ៍នោះថា ជាការប្រឌិតឡើងដោយទីក្រុងសេអ៊ូល ដើម្បីចោទប្រកាន់មកកូរ៉េខាងជើង៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner