កម្ពុជាសម្រេចបន្ថែមមូលធន ៤២ លានដុល្លារសម្រាប់ការអភិវឌ្ឍនៅភូមិភាគឦសាន
ភ្នំពេញ៖រាជរដ្ឋាភិបាលបានទាញយកទុនវិនិយោគបន្ថែមប្រមាណ៤២ លានដុល្លារអាម៉េរិក ចូលទៅក្នុងវិស័យកសិ-ឧស្សាហកម្មនៅភូមិភាគ ឦសាន ដើម្បីធ្វើជាចលកររុញច្រានកំណើនសេដ្ឋកិច្ចជាតិ។
ក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសាន( ក.វ.ឦសាន)កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យវាយតម្លៃលើការផ្តល់ការសម្របសម្រួល និងការលើកទឹកចិត្ត ដល់គម្រោងវិនិយោគចំនួន ២ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ការដាំដុះឈើដាំ (ដើមកៅស៊ូ, ដើមគរ, ដើមប្រេងខ្យល់) និងរោងចក្រកែច្នៃឈើដាំ ដែលការវិនិយោគទាំង២នេះនឹងបន្ថែមមូលធនប្រមាណ៤២ លានដុល្លារចូលក្នុងសេដ្ឋកិច្ចកម្ពុជា។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក.វ.ឦសាន។
ទន្ទឹមនឹងការចាក់បញ្ចូលដើមទុនដ៏ផ្ទាល់នេះ ក្រុមហ៊ុនវិនិយោគថែមទាំងបានស្ម័គ្រចិត្តចេញថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅក្នុងតំបន់គម្រោងទៀតផង។
កិច្ចប្រជុំនេះ មិនមែនត្រឹមតែជាការទទួលស្វាគមន៍តួលេខទុនវិនិយោគនោះទេ ប៉ុន្តែក៏បានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរ៉ាំរ៉ៃចំនួន ៣ ចំណុចជាកញ្ចប់រួមមាន៖១. ពន្លឿនការចុះបញ្ជីដីរដ្ឋ និងកំណត់អត្តសញ្ញាណដីសុវត្ថិភាព សម្រាប់ផ្តល់ជូនក្រុមហ៊ុនវិនិយោគលើដីសម្បទាន និងស្ថានីយស្តារព្រៃឈើ។២. វះកាត់ដោះស្រាយបញ្ហាទន្ទ្រានកាន់កាប់ដីខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋនៅលើទីតាំងដែលក្រុមហ៊ុនទទួលបានសិទ្ធិរួចហើយ និងទី៣. ផ្តល់នីត្យានុកូលកម្ម (ភាពស្របច្បាប់) លើគម្រោងដែលមានស្រាប់ ដើម្បីធានាចីរភាពវែងឆ្ងាយ និងបើកផ្លូវឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀតលើដីទំនេរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា បញ្ហាដីធ្លី និងការវិនិយោគមានភាពប្រទាក់ក្រឡាគ្នាខ្លាំង ដែលមិនអាចស្ថាប័នណាមួយដោះស្រាយតែម្នាក់ឯងបានឡើយ។ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាសមាជិកក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋាន បន្តចូលរួមក្នុងការងារនេះ ដោយបន្តផ្តល់នូវការសម្របសម្រួលជាអតិបរមា តាមដែនសមត្ថកិច្ចរៀងៗខ្លួន សំដៅរួមគ្នាបំផុស និងជំរុញការវិនិយោគក្នុងភូមិភាគឦសានដែលពោរពេញដោយសក្តានុពល៕





ដោយ៖ង៉ាន ទិត្យ