ប្រមុខរាជរដ្ឋាភិបាលចាត់ទុកសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ។
 
ថ្លែងក្នុងពិធីដាក់ឲ្យដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិនេះ គឺមានគោលបំណងបង្កើត​ការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
 
សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកសហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ខណៈវិស័យនេះ បានរួមចំណែកប្រមាណ ៦៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០ភារយ។
 
ជាងនេះទៅទៀត ការអនុវត្តយុទ្ធសាស្ត្រនេះ គឺជាបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។
 
យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលអាចចាត់ទុកថាជាសហគ្រាសធុនមីក្រូ តូច និងមធ្យម សរុបចំនួន ៧៥ ម៉ឹន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣លាននាក់ ក្នុងនោះ មានស្រ្តីប្រមាណ ១,៨ លាននាក់។
 
ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយក្នុងនោះ បញ្ចកោណទី៣ ផ្តោតលើ «ការអភិវឌ្ឍវិស័យឯកជន និងការងារ» ដោយចាត់ទុកការលើកកម្ពស់បរិយាកាសធុរកិច្ច និងការពង្រឹងសមត្ថភាព MSMEs ជាអាទិភាពស្នូល។
 
​គោលដៅនេះ គឺធ្វើយ៉ាងណាឱ្យសហគ្រាសក្នុងស្រុកមានផលិតភាពខ្ពស់ជាងមុន ប្រើបច្ចេកវិទ្យាប្រសើរជាងមុន ផលិតបានតាមស្តង់ដា មានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំនាញបច្ចេកទេស និងអាចឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារដែលមានតម្លៃបន្ថែមខ្ពស់ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមាន ការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ខាងមុខ។
 
បន្ថែមលើយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែល​ប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ ហើយឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស៕

ខន ណារី AMS

ads banner